អ្នកនាំពាក្យចិន នៅតែប្រកាន់ខ្ជាប់ថា តៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ចិន ហើយត្រូវមានការរួបរួម ខណៈអាមេរិកក៏មានការវាយប្រហារត្រង់ៗលើបញ្ហាកោះតៃវ៉ាន់ផងដែរ

ប៉េកាំង៖ តាមសារព័ត៌មានចិនស៊ុនហួរ បានចុះផ្សាយថា អ្នកនាំពាក្យរបស់ចិនដីគោកបានថ្លែងថា ការពិតដែលមិនអាចប្រកែកបាននោះ កោះតៃវ៉ាន់គ្រាន់តែជាផ្នែកមួយរបស់ចិនតែប៉ុណ្ណោះ ហើយភាគីទាំង ២ ត្រូវមានការរួបរួម ។

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិនបានបន្ថែមទៀតថា អនាគត់របស់កោះនេះ មិនមែន ជា កិច្ចការផ្ទៃក្នុង របស់តៃវ៉ាន់ទេ ហើយអនាគតរបស់កោះនេះ គឺមានតែប្រជាជនចិនទាំងអស់ប៉ុណ្ណោះ ដែលត្រូវជាអ្នកសម្រេច ព្រោះវាទាក់ទងនឹងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិន។

ជាមួយគ្នានេះផងដែរ អាមេរិកដែលគេមើលឃើញថា ជាបងធំរបស់តៃវ៉ាន់នោះ ក៏មានការចេញសារវាយប្រហារត្រង់ៗលើបញ្ហាកោះតៃវ៉ាន់នៅក្នុងជំនួបប្រជុំកំពូល អាស៊ាន- អាមេរិកកាលពីម្សិលមិញនេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់បណ្តាមេដឹកនាំប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិកនឹងឈរនៅជាមួយតំបន់នេះ ដើម្បីការពារសេរីភាពដែនសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ ហើយលោកបានហៅសកម្មភាពចិន ចំពោះកោះតៃវ៉ានោះថា ជាការបង្ខិតបង្ខំ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិនក៏បានចេញមុខប្រាប់ទៅកាន់សហដ្ឋអាមេរិក ឲ្យបញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ឈប់ធ្វើសុន្ទរកថា ដែលមិនមានភាពទទួលខុសត្រូវ និងខុសឆ្គង ហើយចាត់វិធានការយ៉ាងពិតប្រាកដ ដើម្បីលើកស្ទួយស្ថានភាពជារួមនៃទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព ព្រមទាំងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២