ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្ញើសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជពិធីខួបគម្រប់១៧ព្រះវស្សា ការយាងឡើងគ្រង ព្រះបរមសិរីរាជសម្បត្តិ

ភ្នំពេញ ៖ នៅក្នុងវរកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លាប្រកបដោយសេចក្ដីភិរម្យសោមនស្សរីករាយ នៃរាជពិធីបុណ្យខួបលើក ទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ តំាងនាមថ្នាក់ដឹកនាំនិង មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ និងភរិយា សូមព្រះបរមរាជានុញ្ញាត សម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងលះបង់ព្រះកាយពល ព្រះរាជបញ្ញាញាណ ដោយស្មោះស្ម័គ្រ ក្នុងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាប្រកបដោយទសពិធរាជធម៌ ចំពោះជាតិមាតុភូមិ និងប្រជារាស្ត ព្រមទាំងបានចូលរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ សុខសន្តិភាព សុខុមាលភាពសង្គម និង វឌ្ឍនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ភាពចម្រុងចម្រើនថ្កុំថ្កើងរុងរឿង ហើយដែលប្រជារាស្ត្រខ្មែរទូទាំង ប្រទេសបាននិងកំពុងរស់នៅយ៉ាងសុខដុមរមនា និងត្រជាក់ត្រជុំ ក្រោមម្លប់នៃព្រះបារមីរបស់ព្រះអង្គ។

ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះផងដែរ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ ព្រះអង្គ ពិសេសបុណ្យបារមីនៃ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សា ការពារ និងអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និងព្រះសេយ្យភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះប័ង្គ យើងខ្ញុំទាំងអស់គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២