រយៈពេល៩ខែឆ្នាំនេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការធ្លាក់ចុះជាងឆ្នាំមុន

អង្ករជាមុខទំនិញដ៏សំខាន់មួយ ដែលកម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំអង្ករចេញសរុបចំនួន ៤១០ ៦៩៨ តោន។ តែតួលេខនៃការនាំចេញអង្ករនេះត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះបានឱ្យដឹងថា៖ គិតត្រឹមរយៈពេល៩ខែ ដើមឆ្នាំ២០២១នេះ បរិមាណនាំចេញអង្ករសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) នេះបើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន។

បើតាមការបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ពីមូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករនេះគឺបណ្តាលមកពីកត្តាចម្បងៗមួយចំនួនដូចខាងក្រោម៖

១-បញ្ហាការដឹកជញ្ជូនតាមកប៉ាល់បានឡើងថ្លៃយ៉ាងខ្លាំង ដែលបាននិងកំពុងដាក់សម្ពាធលើការនាំចេញអង្កររបស់កម្ពុជា។ តម្លៃនៃការដឹកជញ្ជូនបានកើនពី៥ទៅ៦ដង ឬ ពី ១៥០០ ដុល្លារ ទៅ ៧០០០-៨០០០ ដុល្លារ/កុងតេន័រ (២០ហ្វីត) ដែលតម្លៃដឹកជញ្ជូនពេលនេះស្ទើរតែស្មើនឹងតម្លៃអង្ករ១កុងតេន័រ ដែលជាហេតុធ្វើឱ្យអ្នកទិញ មិនបង្ខំ ឬ ដាក់បញ្ជារទិញច្រើន ព្រោះខ្លាចពេលតម្លៃការដឹកជញ្ជូនចុះថោក ហើយស្តុកចាស់លក់មិនអស់នាំឱ្យខាតបង់ធ្ងន់ធ្ងរ ការបញ្ជារទិញសម្រាប់តែតម្រូវការទីផ្សារជាក់ស្តែង មិនស្តុកទុកច្រើន។

២-ការដឹកជញ្ជូនក៏ជួបបញ្ហាកង្វះទូរកុងតេន័រផ្ទុកទំនិញចំណុះ២០ហ្វីត (ជាស្តង់ដារទូរកុងតេន័រផ្ទុកអង្ករចេញពីកម្ពុជា) ដោយសំបកកុងតេន័រប្រភេទនេះភាគច្រើនបានជាប់គាំងនៅតាមកំពង់ផែ និងទីលាននានាក្នុងសហគមន៍អ៊ឺរ៉ុប ដោយសារការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូននៅក្នុងទីផ្សារសហគមន៍អ៊ឺរ៉ុបបានរាំងស្ទះ (ខ្វះកម្មករនិងអ្នកបើកឡាន ដឹកកុងតែន័រជាដើម)។

៣-មិនមាន Shipping Space គ្រប់គ្រាន់សម្រាប់ដឹកអង្ករចេញ ដោយសារអង្ករជាទំនិញធ្ងន់។ ក្រុមហ៊ុនកប៉ាល់មានជើងធ្វើដំណើរចំនួនតិចជាងមុន ដោយក្រុមហ៊ុនកប៉ាល់ផ្តល់ជម្រើសដឹកទំនិញស្រាលច្រើន ហើយទំនិញធ្ងន់ដូចជាអង្ករមានចំនួនកំណត់មួយ។ ជាក់ស្តែង កម្ពុជាត្រូវការ Space លើកប៉ាល់ចន្លោះពី ៣៥០ ទៅ ៤០០ ទូរកុងតេន័រក្នុងមួយសប្តារហ៍សម្រាប់ពីកំពង់ផែមេ ដូចជា សិង្ហបូរី ទៅកាន់កំពង់ផែនៅសហគមន៍អ៊ឺរ៉ុប តែការផ្តល់ឱ្យសម្រាប់អង្ករ ឬទំនិញធ្ងន់ដទៃទៀតបានត្រឹមតែ ១០០ ទៅ ១៥០ ទូរកុងតេន័រតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។

៤-ព្រមគ្នាជាមួយនឹងបញ្ហាប្រឈមក្នុងការដឹកជញ្ជូនខាងលើនេះ ការនាំចេញអង្ករក៏បាន និងកំពុងរងឥទ្ធិពលនៃការធ្លាក់ចុះតម្លៃទីផ្សារពិភពលោកនៃអង្ករក្រអូបផងដែរ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តម្រូវការទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាគំហុក ដែលនាំឱ្យតម្លៃអង្ករក្រអូបនៅលើពិភពលោកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងប្រភេទអង្ករសធម្មតាគឺពីជាង ៨០០ ដុល្លារ/តោន ធ្លាក់មកត្រឹម ៦៥០ ដុល្លារ/តោន។ គួរកត់សម្គាល់ថា ប្រមាណ៨០%នៃបរិមាណអង្ករនាំចេញរបស់កម្ពុជាជាប្រភេទអង្ករក្រអូប។

បើយោងតាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩តោន ខ្ពស់ជាងឆ្នាំ២០១៩ ចំនួន១១,៤% ដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦០ប្រទេស។ ក្នុងនោះទៅកាន់ទីផ្សារប្រទេសចិនកើន១៦,៦% ,ទីផ្សារសហភាពអឺរ៉ុបកើន ០,៣៩% ទីផ្សារអាស៊ានកើន៤,៤៩% និងទីផ្សារផ្សេងៗទៀតកើន២៨,៩៥% ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២