កូរ៉េខាងត្បូងប្រកាសបន្ធូរបន្ថយវិធានការរឹតត្បឹត និងឲ្យពលរដ្ឋរៀនរស់នៅជាមួយជំងឺកូវីដ-១៩នេះ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Rueters បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយវិធានការរឹតត្បឹត នៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ហើយអនុវត្តការទាមទារលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង សម្រាប់កន្លែងដែលត្រូវបានចាត់ទុកថា «មានហានិភ័យខ្ពស់» ដូចជា ក្លឹបហាត់ប្រាណ សូណា និងបារ ដែលជាដំណាក់កាលដំបូង ឆ្ពោះទៅរកការរៀនរស់នៅជាមួយ COVID-19។

ក្រុមមន្រ្តីកូរ៉េខាងត្បូងបាននិយាយថា ដំណាក់កាលដំបូងនេះ នឹងចូលជាធរមាននៅសប្ដាហ៍នេះ ដោយមានរយៈពេល០១ខែ ជាមួយនឹងផែនការធំបន្ទាប់ ដែលនឹងជំរុញឱ្យលុបចោលវិធានការរឹតត្បឹតទាំងអស់ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះតទៅ។

បើតាមផែនការនៃការបន្ធូរបន្ថយវិធានការរឹតត្បឹតនេះ ព្រឹត្តិការណ៍កីឡាដែលរៀបចំនៅតាមទីសាធារណៈ ត្រូវបានអនុញ្ញាតឱ្យទទួលយកអ្នកទស្សនារហូតដល់៥០ភាគរយ ហើយអ្នកទស្សនារហូតដល់ ១០០នាក់អាចចូលរួមការប្រគុំតន្ត្រី ដោយមិនគិតពីលក្ខខណ្ឌនៃការចាក់វ៉ាក់សាំងឡើយ។ រីឯអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់នឹងត្រូវបានអនុញ្ញាតឱ្យទទួលទានពោតលីង និងភេសជ្ជៈនៅខាងក្នុងរោងកុន។

ការទៅលេងកម្សាន្តនៅកន្លែង ដែលមានហានិភ័យខ្ពស់ ដូចជាបារ និងក្លឹបរាត្រី, កន្លែងហាត់ប្រាណ, សូណា និងខារ៉ាអូខេ នឹងទាមទារលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ឬលទ្ធផលតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក្នុងរយៈពេល៤៨ម៉ោង ខណៈដែលការជួបជុំជាលក្ខណៈឯកជន នឹងត្រូវបានអនុញ្ញាតជាមួយមនុស្សរហូតដល់១០នាក់ នៅទូទាំងប្រទេស ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងឡើយ ។ប៉ុន្តែការជួបជុំនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេនឹងរក្សាមនុស្សត្រឹម០៤នាក់ដដែលក្នុងមួយក្រុម ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២