ទីក្រុងហូជីមិញប្រទេសវៀតណាមមានផែនកាបើកសាលារៀនឡើងវិញ សម្រាប់ថ្នាក់ទី ៩ និងទី ១២ នៅខែធ្នូខាងមុខនេះ ដើម្បីពង្រឹងគុណភាពអប់រំ

វៀតណាម៖ ប្រធាននាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលទីក្រុងហូជីមិញ លោក Nguyen Van Hieu បាននាំយកផែនការបើកថ្នាក់រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី ៩ និងទី ១២ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានពេញលេញ ចាប់ពីខែធ្នូ ខណៈទីក្រុងមួយនេះកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដសម្រាប់កុមារក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ Vietnam Daily ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរកំពុងយកសាលារៀនជាង២៥០ទីតាំងដើម្បីប្រើប្រាស់ជាកន្លែងធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ- ១៩ ហើយការអនុវត្តផែនការត្រឡប់ទៅសាលារៀនវិញនេះ ក៏នឹងតាមដានលើហានិភ័យនៃការចម្លងមេរោគនៅតាមសហគមន៍នីមួយៗផងដែរ ។

ទន្ទឹមនឹងនេះលោក Hieu បាននិយាយថា បច្ចុប្បន្នសិស្សជិត ៤០,០០០ នាក់ ដែលមានអាយុពី១២ ទៅ ១៧ ឆ្នាំនៅក្នុងសង្កាត់ចំនួន ២១ នៃទីក្រុងហូជីមិញ និងទីក្រុង Thu Duc បានទទួលការចាក់វ៉ាក់សាំង Pfizer-BioNTech កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ។

បន្ថែមពីនេះ ទីក្រុងដែលមានប្រជាជនប្រហែល ៩ លាននាក់មួយនេះ បានចាក់វ៉ាក់សាំងជាង១២.៩ លានដូសគិតត្រឹមថ្ងៃសុក្រ ជាមួយនឹងមនុស្សជាង ៥.៦ លាននាក់បានចាក់វ៉ាក់សាំងពេញដូស ។

គួររំឭកផងដែរថា សាលារៀននានានៅទូទាំងទីក្រុងហូជីមិញត្រូវបានបិទ ចាប់តាំងពីថ្ងៃទី ១០ ខែឧសភា សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ដោយសិស្សភាគច្រើនបានប្តូរទៅការរៀនតាមអនឡាញ ។ ទីក្រុងហូជីមិញគឺជាចំណុចផ្ទុះឆ្លងដ៏ធំបំផុតនៅក្នុងប្រទេស ចាប់តាំងពីការផ្ទុះឡើងលើកទី៤ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា ជាមួយនឹងករណីឆ្លងក្នុងសហគមន៍ជាង ៤២៩,០០០ ករណី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២