វិស័យកសិកម្មជាវិស័យស្នូលមួយ ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកត្រូវបានញាំញី និងរាតត្បាតដោយជំងឺកូវីដ-១៩នោះ វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបាន សម្រាប់ជួយក្នុងគ្រា ដែលប្រទេសកម្ពុជាជួបការលំបាកនាពេលកន្លងមកនេះ។


វិស័យកសិកម្ម ឬកសិផលរបស់កម្ពុជា មិនត្រឹមតែជួយផ្គត់ផ្កង់ក្នុងស្រុកប៉ុណ្ណោះនោះទេគឺថែមទាំងបានធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិថែមទៀត។រយៈពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ ប្រទេសជិតខាងធំៗ២ដែលជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជាគឺមានប្រទេសវៀតណាម និង ប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណជាង១៦៧លាននាក់។ ហើយប្រទេសទាំង២នេះគឺជាទីផ្សារប្រពៃណីប្រកបដោយសក្តានុពលក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា។


ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ផលិតផលកសិកម្មរបស់កម្ពុជាបានជ្រៀតចូលទៅកាន់ទីផ្សារពិភពលោក ក្នុងនោះមានប្រទេសចំនួន៩០ប្រទេសរួចមកហើយ ដែលកម្ពុជាបាននាំផលិតផលកសិកម្មរបស់ខ្លួនទៅ។


បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ការនាំចេញផលិតផលកសិកម្ម សម្រេចបានជាង ៥,៩៣លានតោន ក្នុងនោះការនាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួណ៦៤,១១% ប្រទេសថៃចំនួន២១,៤៩% ប្រទេសចិនចំនួន៦,៦៩% និងគោលដៅប្រទេសដទៃទៀតចំនួន៤,៧១%តែប៉ុណ្ណោះ។


នៅក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មចូលទីផ្សារប្រទេសចិនបានចំនួន១៧មុខ មានបរិមាណជាង ៧៣៦ ០០០ តោន ក្នុងនោះមានផលិតផលកសិកម្មសំខាន់ៗដូចជា ផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមី ម្ស៉ៅដំឡូងមី ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ស្វាយស្រស់ ដំណាប់ស្វាយ ដូងប្រេង ជាដើម។ ហើយថា ផលិតផលកសិកម្មទាំងនេះ អាចនាំចេញទៅបានគឺដោយសារតែប្រទេសទាំងពីរបានចុះពិធីសាររួចរាល់ជាមុនហើយដែរ ៕



