គណបក្សប្រជាធិបតេយ្យសេរីជប៉ុន ទទួលបានជ័យជម្នះការបោះឆ្នោតសកលជាផ្លូវការ ដោយលោក Fumio Kishida ជានាយករដ្ឋមន្រ្តី

តូក្យូ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida នៅថ្ងៃច័ន្ទនេះបានប្រកាសពីជ័យជម្នះជាផ្លូវការ ក្រោយពីដឹកនាំគណបក្ស លោក ទៅទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

គណបក្សកាន់អំណាចជប៉ុនគឺ គណបក្សប្រជាធិបតេយ្យសេរី LDP និងគណបក្ស Komeito ឈ្នះបានអាសនៈចំនួន២៩៣ ក្នុងចំណោមអាសនៈសរុបចំនួន ៤៦៥ នៅក្នុងរដ្ឋសភាជប៉ុន។

ក្រោយពីទទួលបានជ័យជម្នះ លោក Kishida បានប្តេជ្ញាថា នឹងពង្រឹងសេដ្ឋកិច្ចប្រទេសជប៉ុន តាមរយៈកញ្ចប់ថវិការថ្មី ដែលលោកអះអាងថា នឹងត្រូវព្រាងឡើងក្នុងខែវិច្ឆិកានេះតែម្តង។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានបន្ថែមទៀតថា ជប៉ុននឹងដើរតួនាទីនាំមុខ ក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅរក ការបញ្ចេញកាបូនកម្រិតសូន្យ ក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលោក Suga អតីតនាយករដ្ឋមន្ត្រីជប៉ុនបានលាលែងពីដំណែងក្រោមហេតុផល ដោយសារប្រជាជនមិនពេញចិត្ត ចំពោះការគ្រប់គ្រងវិបត្តិ COVID-19 របស់លោក នៅក្នុងប្រទេសជប៉ុន លោក Kishida  ក៏បានឡើងកាន់អំណាចជំនួសវិញ តាមរយៈការបោះឆ្នោតកាលពីខែមុន៕

   
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២