បុគ្គលិករដ្ឋនៅសិង្ហបុរី ត្រូវមានកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើសិនមិនបានចាក់ អាចនឹងត្រូវសម្រាកពីការងារ ឬអាចធ្វើការពីផ្ទះ

សិង្ហបុរី៖ នាយកដ្ឋានសេវាកម្មសាធារណៈ (PSD) នៃប្រទេសសិង្ហបុរី បានឲ្យដឹងថា បុគ្គលិករដ្ឋទាំងអស់នៅក្នុងប្រទេសសិង្ហបុរីអាចត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ដោយមិនទទួលបានប្រាក់ឈ្នួលឡើយ ប្រសិនបើមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩នោះទេ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ។

នាយកដ្ឋានPSDនៃប្រទេសសិង្ហបុរីបានឱ្យដឹងថា ការសម្រេចចិត្តខាងលើនេះគឺធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះថា មានតែបុគ្គលិក ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ២៧០ថ្ងៃចុងក្រោយប៉ុណ្ណោះទេ ដែលនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកន្លែងធ្វើការវិញចាប់ពីឆ្នាំ២០២២ខាងមុខនេះតទៅ។

ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន CNA អ្នកនាំពាក្យ PSD បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ខាងមុខនេះតទៅ ខ្លួននឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពដើម្បីអនុញ្ញាតឱ្យមន្រ្តី ដែលមិនបានទទួលការចាក់វ៉ាក់សាំង អាចធ្វើការពីផ្ទះបាន ប្រសិនបើការងារនោះអនុញ្ញាត»។

បើតាមប្រភពដដែលបានបញ្ជាក់ថា សិង្ហបុរីមានបុគ្គលិកប្រហែល ១៥៣,០០០នាក់ ដែលកំពុងបំពេញការងារនៅទូទាំង ១៦ក្រសួង និងក្រុមប្រឹក្សាច្បាប់ជាង៥០ ហើយប្រហែល ៩៨ភាគរយនៃបុគ្គលិករបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ ខណៈសល់តែ ២ ភាគរយទៀតប៉ុណ្ណោះ ដែលមិនទាន់បានចាក់៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២