សហរដ្ឋអាមេរិកប្តេជ្ញាបន្តការអនុវត្តទណ្ឌកម្ម អង្គការសហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង ស្របពេលដែល ចិន និងរុស្ស៊ីទើបស្នើរឲ្យបន្ធូរបន្ថយ

វ៉ាស៊ីនតោន៖ សារព័ត៌មានកូរ៉េ Yonhap បានចុះផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាជាប់ជានិច្ច ក្នុងការបន្តអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើង។

ក្រៅពីការប្រកាសអំពីគោលជំហរឥតងាករេរបស់ខ្លួន សហរដ្ឋអាមេរិកក៏ជំរុញសមាជិកអង្គការសហប្រជាជាតិឯទៀតៗ ឲ្យធ្វើដូចគ្នានេះផងដែរ ដើម្បីទប់ស្កាត់ប្រទេសកូរ៉េខាងជើង មិនឲ្យមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រទេសចិន និងរុស្ស៊ីក៏បានជំរុញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដោយរំលឹកឡើងវិញនូវចេតនា កាលពីឆ្នាំ២០១៩ ដើម្បីដកបម្រាមលើការនាំចេញទំនិញជារូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង ហើយឈានទៅអនុញ្ញាតការនាំចូលប្រេង ទៅកាន់កូរ៉េខាងជើងបន្ថែមទៀតផងដែរ។

យ៉ាងណាក៏ដោយ កន្លងមកនេះគេមិនទាន់ឃើញមានសញ្ញាច្រកចេញសម្រាប់ភាគីអាមេរិក និង កូរ៉េខាងជើងនៅឡើយទេ ខណៈទីក្រុងព្យុងយ៉ាង បានច្រានចោលចេតនាស្នើសុំកិច្ចសន្ទនា ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ដោយចោទថា អាមេរិកតែងតែបង្កអរិភាព ឬគ្មានភាពស្មោះត្រង់ក្នុងការចរចានោះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២