កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់កាំភ្លើងធំ បន្ទាប់ពីការតេស្តមីស៊ីល បើទោះជាទទួលរងទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខក្តី

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះថា ប្រទេសកូរ៉េខាងជើង ទើបតែធ្វើសមយុទ្ធបាញ់កាំភ្លើងធំ នៅចុងសប្តាហ៍នេះ ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹង សមត្ថភាពការពារជាតិរបស់ខ្លួន។

ប្រភពដដែលបានរាយការណ៍ថា សមយុទ្ធកាំភ្លើងធំខាងលើ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប៉ុន្តែមិនមាន វត្តមានរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នោះឡើយ។ លំហាត់យោធានេះ កើតមានឡើង បន្ទាប់ពីការធ្វើតេស្តមីស៉ីលជាបន្តបន្ទាប់ ដោយកូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

យោងតាមទស្សនៈរបស់ក្រុមអ្នកវិភាគ គឺកូរ៉េខាងជើង កំពុងព្យាយាមធ្វើឲ្យសកម្មភាពការពារជាតិរបស់ខ្លួន ក្លាយទៅជាសកម្មភាពធម្មតាៗ ក្នុងគោលបំណងដើម្បីឱ្យមានការទទួលស្គាល់ពីអន្តរជាតិ សម្រាប់អាវុធនុយក្លេអ៊ែរ ក៏ដូចជាមីស៊ីលផ្លោងរបស់ខ្លួន ដែលបច្ចុប្បន្នត្រូវជាប់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។

បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកក៏ទើបតែបានបង្ហាញនូវជំហ និងការប្តេជ្ញាជាប់ជានិច្ចក្នុងការបន្តអនុវត្តទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង។

គួរបញ្ជាក់ផងដេរថា កងកាំភ្លើងធំកូរ៉េខាងជើងភាគច្រើន ត្រូវបានដាក់ពង្រាយនៅក្បែរបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង ជាទីដែលពួកគេអាចមានសមត្ថភាពផ្លោងគ្រាប់ រហូតដល់ទីក្រុងសេអ៊ូល ខណៈរដ្ឋធានីកូរ៉េខាងត្បូងនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់កូរ៉េខាងជើងនោះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២