រយៈពេល៩ខែឆ្នាំនេះ កម្ពុជាប្រមូលចំណូលចរន្តបានជាង  ១៥ ៨៩៥ ប៊ីលានរៀល

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (គ.ហ.ស.) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិភាក្សាអំពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក ២ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២១” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២១ បានបង្ហាញថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជារួមមានវឌ្ឍនភាពល្អប្រសើរគួរកត់សម្គាល់ បើទោះបីជាសកម្មភាពខ្លះត្រូវបានខកខានអនុវត្តដោយសារការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។

ក្នុងរយៈពេល៩ខែ នៅឆ្នាំ២០២១, ការប្រមូលចំណូលចរន្ត សម្រេចបាន ៧៥% ធៀបនឹងច្បាប់ (ទំហំ ១៥ ៨៩៥ ប៊ីលានរៀល) ច្រើនជាងការប្រមូលចំណូលនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេច បានត្រឹម ៦៣%ធៀបនឹងច្បាប់ ។ ដោយឡែក គិតត្រឹមត្រីមាសទី ៣  ទោះបីជាការអនុវត្តចំណាយថវិកាជាតិមានការយឺតជាងផែនការបន្តិចក្តី តែការអនុវត្តជារួមមានការកើនឡើងពី ៥៧% ធៀបនឹងច្បាប់ (ទំហំ ២៧ ២៨៥ប៊ីលានរៀល) នៅឆ្នាំ ២០២០ ដល់ ៦១% ធៀបនឹងច្បាប់ (ទំហំ ២៧ ៤២៥ ប៊ីលានរៀល) នៅឆ្នាំ២០២១។

ទន្ទឹមនឹងនេះ ដំណើរការនៃការអនុវត្តចំណូលចំណាយចាប់ផ្ដើមកែលម្អ តាមរយៈការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត កៀរគរចំណូល (RMSII), ការសិក្សា និងដាក់ចេញផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទុះ ការពង្រីកការទូទាត់ចំណាយថវិកាជាតិតាមប្រព័ន្ធ E-Transfer, ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ជាដើម ។

ជាមួយគ្នានេះ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាង និងកែលម្អប្រព័ន្ធ និងការរៀបចំ បទដ្ឋានគតិយុត្តិស្នូលសំខាន់ៗនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ដំណាក់កាលបន្ទាប់ក៏បន្តមានវឌ្ឍនភាព ។ ក្នុងនោះ “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន” ត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខណៈដែល“ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី)” កំពុងធ្វើការរៀបចំ និង ពិភាក្សាស៊ីជម្រៅ មុននឹងអាចដាក់ឱ្យអនុវត្តនៅពេលខាងមុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២