គ្រាន់តែខឹ. ងឪពុកម្ដាយស្តីប្រ. ដៅឱ្យបន្តិ.ចបន្តួ. ច ក្មេងស្រីម្នាក់រត់ទៅលោ. តទឹកស.ម្លា. ប់ខ្លួន តែបានប្រជាពលរដ្ឋជួយទា.ន់

ភ្នំពេញ ៖ ពិតជារឿងគួរឱ្យហួសចិត្តមែន ក្មេងសម័យនេះ គ្រាន់តែខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ក៏តូចចិត្តដើរឡើងមកលើស្ពានមិត្តភាពកម្ពុជា ជប៉ុនជ្រោយចង្វារ ដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារតែប្រជាពលរដ្ឋជួយសង្គ្រោះទាន់។ ហេតុការណ៍នេះ បានបង្ករឱ្យមានការភ្ញាកផ្អើលឡើង កាលពីម៉ោងជិត៦ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្មេងស្រីរងគ្រោះរូបនោះ មានឈ្មោះ ចន ស្រីណន ហៅម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន ភ្នំពេញថ្មី មានស្រុកកំណើតរស់នៅខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅជាមួយនឹងឪពុកម្ដាយនៅខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញក្មេងស្រីរងគ្រោះជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរពីរង្វង់មូលគួចកាណុង ហើយក៍បានឲ្យកង់បីឈប់រួចដើរឡើងមកលើស្ពានមិត្តភាពកម្ពុជា ជប៉ុនជ្រោយចង្វារដើរបណ្ដើរយំបណ្ដើរនៅក្នុងដៃរបស់នាងមានកាន់ទូរសព្វមួយគ្រឿងទៀតផង ខណៈពេលមកដល់ពាក់កណ្ដាលស្ពានក៏ឈប់ ហើយយកដៃទៅតោងលើបង្កាន់ដៃស្ពានរួចស្រែកយំ ទើបប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅលើស្ពានមានការសង្ស័យ ក៏នាំគ្នារត់ទៅចាប់នាង ហើយរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកទទួលយក បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៍បានចុះមកដល់ធ្វើការសាកសួរ តែនាងមិនព្រមនិយាយស្ដីបែរជាស្រែកយំកាន់តែខ្លាំងឡើងៗ ទើបសមត្ថកិច្ចសម្រេចចាប់នាងដាក់លើម៉ូតូរួចដឹកយកទៅកាន់ប៉ុស្តិ៍ស្រះចកដើម្បីធ្វើការសួរនាំ និងអប់រំទៅដល់រូបនេះកុំឱ្យគិតខ្លីបែបនេះបន្តទៀត។ ក្រោយមកនាងក៏បានទប់អារម្មណ៍ និងស្មារតីបានទើបនិយាយប្រាប់លេខទូរសព្ទឪពុកម្ដាយទៅដល់សមត្ថកិច្ច។

ក្រោយពីបានលេខទូរស័ព្ទ សមត្ថកិច្ចក៏ប្រញាប់ប្រញាល់ធ្វើការទាក់ទងទៅឪពុកម្ដាយ និងសាច់ញាតិរបស់នាងឲ្យមកទទួលយកនាងពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកទៅផ្ទះវិញ។ នៅពេលទទួលបានព័ត៌មានពីសមត្ថកិច្ច ឪពុក ម្តាយរបស់នាង ក៏មកទទួលយកនាងទាំងទឹកភ្នែករលីងរលោង ដោយមិននឹកស្មានដល់ថា​ កូនស្រីរបស់គាត់គិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបែបនេះ ដោយសារតែពួកគាត់ស្ដីបន្ទោសឲ្យបន្តិចបន្តួចតែប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២