ភ្នំពេញ ៖ ដោយសារតែជីវិភាពក្រីក្រ និងដើម្បីជួយក្រុមគ្រួសារ ក្មេងប្រុសម្នាក់អាយុទើបតែ១៤ឆ្នាំ បានបោះបង់ការសិក្សា មកធ្វើការសំណង់ជាមួយបងប្រុស ទើបតែបានបីថ្ងៃប៉ុណ្ណោះ ស្រាប់តែពេលរាយខ្សែភ្លើងតដាក់អំពូលមិនប្រយ័ត្ន ក៏ត្រូវខ្សែភ្លើងឆក់ស្លាប់គួរឱ្យសង្វេគបំផុត។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត៨យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរបងដីឡូត៍មួយកន្លែង ក្រោយវត្តអង្គតាមិញ តាមផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។


សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ រតនា អាយុ១៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅទីតាំងខាងលើ។ ក្មេងប្រុសរងគ្រោះទើបតែមកធ្វើការជាមួយបងប្រុសបានត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ហើយកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ជនរងគ្រោះត្រូវបានចោរលួចយកទូរស័ព្ទអស់មួយគ្រឿង ខណៈកំពុងដេកលង់លក់។


មុនពេលកើតហេតុជនរងគ្រោះបានដើរចូលទៅក្នុងរោងដើម្បីដោះអំពូលមកដាក់បំភ្លឺនៅខាងក្រៅវិញ ស្រាប់តែត្រូវខ្សែភ្លើងឆក់ដួលនៅក្នុងទឹក បណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្តង។


តាមការពិនិត្យនឹងកាធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវខ្សែភ្លើងឆក់ប្រាកដមែន។ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


