អាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរថៃ ដើម្បីតាមចាប់ និងប្រគល់ជនជាតិថៃចំនួន ១០៣នាក់ ដែលបានចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់ ចូលមកធ្វើការនៅក្នុងទឹកដីកម្ពុជា ។បើតាមព័ត៌មានដែលទទួលបានគឺនៅមានជនរងគ្រោះជនជាតិថៃប្រមាណជាង ២ ០០០នាក់ទៀត ដែលបានចាញ់បោកមេខ្យល់ ហើយសមត្ថកិច្ចកំពុងស្វែងរកជួយសង្គ្រោះ ។


កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១៤:០០នាទី អាជ្ញាធរកម្ពុជា បាននាំខ្លួនជនជាតិថៃចំនួន ១០៣នាក់ ចាញ់បោកមេខ្យល់ ដែលត្រូវបានជួយសង្គ្រោះក្នុងខេត្តពោធិ៍សាត់ ដោយធ្វើដំណើរតាមរថយន្តទាហានចំនួន ៦គ្រឿង ដើម្បីយកទៅប្រគល់ជូនអាជ្ញាធរថៃ នៅត្រង់ចំណុចស្ពានមិត្តភាពកម្ពុជា ថៃ (ច្រកឆ្លងដែនអន្តរជាតិប៉ោយប៉ែត)។
មុនពេលឈានដល់ការជួយសង្គ្រោះជនជាតិថៃខាងលើនេះ មានជនរងគ្រោះជាជនជាតិថៃជាង ១០នាក់ត្រូវបានចាញ់បោកមេខ្យល់នាំមកធ្វើការដោយខុសច្បាប់នៅខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ ហើយពួកគេក៏បានប្តឹងទៅអាជ្ញាធរកម្ពុជា ទើបឈានដល់ការបំបែកសំណុំរឿងបង្ខាំងមនុស្សទុកឲ្យនៅធ្វើការនេះតែម្តង។


ករណីជួយសង្គ្រោះជនជាតិថៃ ដែលរងគ្រោះ ដោយសារការចាញ់បោកមេខ្យល់នេះ គឺមានជាច្រើនករណីរួចមកហើយ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានករណីជនជាតិថៃចំនួន ៩៩នាក់ចាញ់បោកមេខ្យល់ចូលមកធ្វើការខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុ ជាពិសេសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជួយសង្គ្រោះប្រគល់ជូនភាគីថៃវិញ។

បើតាមភាគីអាជ្ញាធរថៃបានឱ្យដឹងថា នៅមានជនជាតិថៃប្រមាណជាង ២ ០០០នាក់ទៀត ដែលកំពុងរងចាំការជួយសង្គ្រោះ និងត្រូវបញ្ជូនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕


