ភ្នំពេញ ៖ យុវជនចិត្តខ្លាំងម្នាក់ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពហើយ ហើយជិះបញ្ច្រាសទិសដៅចរាចរណ៍ រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បានដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ច និងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថា ឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ថែមទៀតផង។


ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ក្រុមការងារយើងឲ្យដឹងថា មុនពេលហេតុការណ៍នេះបានកើតឡើង កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ក្នុងទិសដៅពីកើត ទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ចបែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់ ហើយម៉ូតូរបស់គាត់បានដួល តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ច និងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ថែមទៀតផង ។

បន្ទាប់មកសមត្ថកិច្ច បានបញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕


