ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូង ព្រមជាមួយការស្រាវជ្រាវបន្ថែមទៀត ដើម្បីយល់ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ B.1.1.529 ដែលបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
ជាមួយគ្នានេះ ប្រទេសមួយចំនួន ដែលមានការព្រួយបារម្ភអំពីវីរុសបំប្លែងថ្មី B.1.1.529 ខាងលើនេះ ដូចជាចក្រភពអង់គ្លេស និងអ៊ីស្រាអែលជាដើម បានសម្រេចផ្អាកជើងហោះហើរ ជាមួយប្រទេសអាហ្វ្រិកខាងត្បូង និង Botswana ព្រមទាំងប្រទេសចំនួន ៣ ទៀតដូចជា Namibia, Zimbabwe, Lesotho និងEswatini រួចរាល់ហើយ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ខណៈប្រទេសអូស្ត្រាលីវិញក៏កំពុងគិតគូរ ក្នុងការធ្វើដូចគ្នានេះផងដែរ។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នេះ មាន Proteinខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីអង់គ្លេសបានកំណត់ថា វីរុសនេះប្រហែលជាមានការបំប្លែងខ្លួន «ទ្វេដង» ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់វាឡើយ។
គួរបញ្ជាក់ផងដែរថា មេរោគបំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសចំនួន ០៤ ទៀតដែលនៅក្បែរខាង៕