ឡុងដ៍៖ វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង Omicron បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ជាមួយនឹងករណីឆ្លងថ្មីៗត្រូវបានរកឃើញ នៅក្នុងប្រទេសហូឡង់ ដាណឺម៉ាក និងអូស្ត្រាលី ខណៈអង់គ្លេសតម្រូវឲ្យពាក់ម៉ាសជាថ្មី នៅតាមហាងទំនិញ និងសេវាធ្វើដំណើរសាធារណៈនានា ដែលជាផ្នែកមួយនៃវិធានការប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មីនេះ។
សម្រាប់វិធានការនៅអង់គ្លេស ឥឡូវនេះបើតាមលោក បូរីស ចនសុន ការធ្វើតេស្ដស្ដង់ដារ PCR សម្រាប់មនុស្សគ្រប់រូប ដែលចូលមកក្នុងចក្រភពអង់គ្លេស ក៏នឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ហើយរាល់អ្នក ដែលមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងវីរុសបំប្លែងថ្មី Omicron នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក ទោះជាបានចាក់វ៉ាក់សាំងបង្ការពេញលេញរួចរាល់ហើយក៏ដោយ។
លោកបានបន្ថែមថា វិធានការទាំងឡាយនឹងត្រូវអនុវត្តជាបណ្ដោះអាសន្ន និងជាការបង្ការទុកជាមុន។ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានអះអាងថា បុណ្យណូអែលក្នុងឆ្នាំ២០២១នេះ នឹងមានលក្ខណៈល្អប្រសើរជាងកាលពីឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron បានបង្កឱ្យមានការភ្ញាក់ផ្អើលជាសកល ហើយរដ្ឋាភិបាលជុំវិញពិភពលោក បានព្យាយាមដាក់កំហិតលើការធ្វើដំណើរសាជាថ្មី ដោយបារម្ភថា វីរុសនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺឆ្លងរាតត្បាតសកលរយៈពេល ០២ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន WHO ក៏បាននិយាយថា ខ្លួនកំពុងធ្វើការរួមគ្នាជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវីរុសនេះ ទៅលើវិធានការទប់ស្កាត់ដែលមានស្រាប់ ប្រឆាំងនឹង COVID-19 រួមទាំងការចាក់វ៉ាក់សាំងផងដែរ។ ខណៈសហរដ្ឋអាមេរិកបានកោតសរសើរអាហ្វ្រិកខាងត្បូង ចំពោះការរកឃើញ Omicron រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងវិញ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានរិះគន់បណ្តាប្រទេសអ្នកមាន ដែលបានសម្រេចហាមឃាត់ការធ្វើដំណើរ រវាងប្រទេសមួយនេះ យ៉ាងឆាប់រហ័ស៕