(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក បានថ្លែងកាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះថា មេរោគ COVID-19 បំប្លែងថ្មី Omicron ជាប្រភេពមានហានិភ័យខ្ពស់ ដែលអាចបង្កឲ្យករណីឆ្លងជំំងឺនេះកើនឡើង ខណៈប្រទេសជាច្រើនចាប់ផ្តើមបិទជើងហោះហើរពីតំបន់ហានិភ័យសារជាថ្មី បន្ទាប់ពីកាបន្ធូរបន្ថយធ្វើឡើងមិនទាន់បានប៉ុន្មានផងនោះ។
អាកាសចរណ៍អន្តរជាតិទាំងតូច ទាំងធំ នៅលើពិភពលោក បានចាត់វិធានការភ្លាមៗ កាលពីសប្តាហ៍មុន ដើម្បីតាមដានលើអ្នកដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេដឹងថា ជាអ្នករកឃើញវីរុសបំប្លែងថ្មី Omicron នេះមុនគេ។ ការចាត់វិធានការភ្លាមៗនេះ គឺត្រូវបានចាត់ទុកថា ជាការរួមចំណែកជួយទប់ទល់ នៅក្នុងដំណាក់កាលបឋមដើម្បីកុំឲ្យវីរុសថ្មីនេះ រីករាលដាលទៅប្រទេសផ្សេងៗទៀត។
ឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែកើនឡើង និងការចាត់វិធានការភ្លាមៗពីប្រទេសនានា ជាពិសេសគឺការបិទទ្វារជើងហោះហើរមកពីតំបន់អាហ្វ្រិកខាងត្បូងនោះ WHO បានណែនាំសមាជិកទាំង ១៩៤ ប្រទេសរបស់ខ្លួនថា ការកើនឡើងនៃករណីឆ្លងបង្កឡើងដោយ Omicron អាចនឹងក្លាយជាករណីធ្ងន់ធ្ងរ ។
WHO បានគូសបញ្ជាក់យ៉ាងដូច្នេះថា Omicron កើតចេញពីការបំប្លែងខ្លួនច្រើនលើក ដែលយើងពុំធ្លាប់បានឃើញកន្លងមកចំពោះវីរុស ហើយប្រាកដណាស់វាអាចមានសក្តានុពល បង្កជាសោកនាដកម្មនៃជំងឺរាតត្បាតសកល COVID-19 កាន់តែរីកធំឡើង៕