វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា លោកប្រធានាធិបតី ចូ បៃដិន បានណែនាំប្រជាជនអាមេរិកទាំងអស់ កុំឲ្យមានភាពតក់ស្លុតចំពោះវីរុសបំប្លែងថ្មី Omicron នេះ ខណៈក្រុមហ៊ុនអាមេរិកកំពុងសិក្សាពីប្រសិទ្ធភាពថ្នាំលើមេរោគបំប្លែងថ្មីនេះ។
លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា វីរុសបំប្លែងថ្មីនេះ គឺជាអ្វីមួយដែលបង្កក្តីព្រួយបារម្ភ តែមិនមែនបង្កភាពតក់ស្លុតនោះឡើយ។ យើងកំពុងរៀបចំប្រយុទ្ធ និងយកឈ្នះវីរុសបំប្លែងថ្មីនេះ។
ក្រៅពីការជំរុញទឹកចិត្តប្រជាជនអាមេរិកឲ្យរឹងមាំ លោក ចូ បៃដិន ថែមទាំងបានប្តេជ្ញាកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថា លោកនឹងមិនlockdown សាជាថ្មី ដើម្បីទប់ទល់ Omicron នោះឡើយ ប្រសិនបើសហរដ្ឋអាមេរិករកឃើញ វត្តមានវីរុសបំប្លែងថ្មីនេះ។ ប្រធានាធិបតីរូបនេះ នៅតែជំរុញឲ្យប្រជាជនអាមេរិក ចាក់វ៉ាក់សាំងឲ្យបានពេញលេញ និងចាក់ដូសជំរុញផងដែរ ហើយត្រូវពាក់ម៉ាសឲ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា មេរោគបំប្លែងថ្មី Omicron ត្រូវបានប្រកាសរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីចុងសប្តាហ៍មុននេះ ហើយវាត្រូវបានរាយការណ៍ជាបន្តបន្ទាប់ នៅប្រទេសក្បែរខាងរបស់អាហ្វ្រិកខាងត្បូង ក្នុងនោះមានដូចជា បុតស្វាណា ជាដើម។ WHO បានចាត់ទុក Omicron ជាវីរុសស្ថិតក្នុងក្តីព្រួយបារម្ភ និងត្រូវការពេល ២ ទៅ ៣សប្តាហ៍ទៀត ដើម្បីស្វែងយល់អំពីឥទ្ធិពលពិតប្រាកដរបស់វា៕