បីថ្ងៃសមត្ថកិច្ចកំពង់ឆ្នាំងដកបង្គោលនៅតាមព្រំដីក្នុងតំបន់ដីលិចទឹកបានចំនួន ២០០ ដើម និងរុះរើរោងចាំដីស្រែបានចំនួន៥៥ខ្នង

នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំ ក្រុមការងារចម្រុះរបស់ខេត្តបានចុះទៅពិនិត្យកងកម្លាំងប្រដាប់អាវុធ ដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃយុទ្ធនាការអនុវត្តន៍បទបញ្ជារបស់សម្ដេចតេជោ កងកម្លាំងប្រដាប់អាវុធមាននគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន២០០ នាក់ បានចុះដកបង្គោលនៅតាមព្រំដីក្នុងតំបន់ដីលិចទឹកបានចំនួន ២០០ ដើម និងរុះរើរោងចាំដីស្រែបានចំនួន៥៥ ខ្នង ។ជាទិសដៅរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងដាំដើមឈើព្រៃលិចទឹកឡើងវិញ ចំនួន២០ម៉ឺន ដើមនៅតំបន់ដីលិចទឹក ដែលបានដកហូតមកវិញខាងលើនេះ ដែលមានដើមរាំង និងដើមរំដេញ។

ជាមួយគ្នានេះដែរ ក្រោយពេលបញ្ចប់ការងារនៅចំណុចខាងលើនេះ រដ្ឋបាលខេត្ត និងដាក់កម្លាំងសមត្ថកិច្ចចាំការពារតំបន់ខាងលើនេះ មិនឱ្យជនខិលខូចចូលមកកាន់កាប់រុករានទន្ទ្រាន ឬអាស្រ័យផលទៀតឡើយ ។

ចំណែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដីព្រៃលិចទឹកនៅក្នុងតំបន់គោកព្រះខាងលើនេះសរុបមានចំនួនជាង៥ពាន់ហិកតា ។ តាមការចុះស្រាវជ្រាវរបស់មន្ត្រីជំនាញកន្លងមករកឃើញថា ដីជាង២ពាន់ហិកតា ត្រូវបានជនខិលខូចលួចឈូសឆាយយកធ្វើជាកម្មសិទ្ធិ និងមកដល់ពេលនេះក្រុមការងារចម្រុះកំពុងចុះស្រាវជ្រាវបន្តទៀតដើម្បីរកអត្តសញ្ញាណអ្នកកាន់កាប់ដី និងទំហំដីដែលបានរងការបំផ្លាញដោយខុសច្បាប់ ។

ទាក់ទងនឹងជនសារភាពចំនួន១៣នាក់នោះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីបានសារភាព និងធ្វើលិខិតសុំទោសទៅសម្ដេចតេជោហ៊ុនសែន ជនទាំង១៣នាក់ បានទៅលំនៅឋានវិញជាធម្មតា។ ប៉ុន្តែបើមានបញ្ជាពីថ្នាក់លើយ៉ាងណានោះ សមត្ថកិច្ច នឹងបន្តនីតិវិធីទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២