ទីបំផុតសហរដ្ឋអាមេរិករកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី Omicronហើយ

(ឡូន អាន់ជែលែស)៖ អាជ្ញាធរសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានរកឃើញករណី «វិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) និងជាករណីទី ១ ផងដែរសម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

រដ្ឋបាលសុខភាពប្រចាំទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ នៃរដ្ឋកាលីហ្វ័រញ៉ា បានគូសបញ្ជាក់ថា ករណីវិជ្ជមានដំបូងខាងលើនេះ គឺស្ថិតនៅក្នុងចំណោមអ្នកដំណើរ តាមជើងហោះហើរមកពីប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ ការពិសោធន៍ និងញែកលំដាប់ហ្សែន ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ហើយមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) គឺជាអ្នកកំណត់ថា នោះគឺជាមេរោគបំប្លែងថ្មី Omicron។
មជ្ឈមណ្ឌល CDC របស់សហរដ្ឋអាមេរិកបានឲ្យដឹងទៀតថា បុគ្គល (វិជ្ជមានវីរុស Omicron) រូបនោះ គឺជាអ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងពេញលេញ និងបានចេញរោគសញ្ញាស្រាលប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ រូបគេកំពុងមានស្ថានភាពប្រសើរឡើងវិញជាបណ្តើរៗ ខណៈកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ដោយខ្លួនឯង។ ដោយឡែកសម្រាប់អ្នកធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយបុគ្គលនេះទាំងអស់ ត្រូវបានទាក់ទងឲ្យមកធ្វើតេស្តរួចហើយ និងបានទទួលលទ្ធផល «អវិជ្ជមាន» ទាំងអស់។

គួរបញ្ជាក់ផងដែរថា ឆ្លើយតបទៅនឹងការរកឃើញករណីវិជ្ជមាន Omicron ជាលើកដំបូងនេះ អាជ្ញាធរសុខាភិបាលអាមេរិក នៅតែជំរុញជាថ្មីឲ្យប្រជាជនទាំងឡាយ ជាពិសេសអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងឲ្យបាន ពេញលេញ និងចាក់ដូសជំរុញបន្ថែមទៀត សម្រាប់អ្នកដែលគ្រប់លក្ខខណ្ឌត្រូវចាក់។
មជ្ឈមណ្ឌល CDC និងអាជ្ញាធរសុខាភិបាលពាក់ព័ន្ធទូទាំងសហរដ្ឋអាមេរិកបានអះអាងថា ពួកគេនឹងបន្តការតាមដាន និងសិក្សាស្វែងយល់ឲ្យបានលម្អិត ចំពោះឥទ្ធិពលរបស់ Omicron មុននឹងសម្រេចដាក់ចេញ នូវវិធានការផ្នែកសុខាភិបាលថ្មីទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២