មេរោគកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង (Omicron)ចូលដល់ទឹកដីសហរដ្ឋអាមេរិកហើយ

សហរដ្ឋអាមេរិកបានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង (Omicron)ដំបូងគេក្នុងប្រទេសរបស់ខ្លួន ខណៈលោកវេជ្ជបណ្ឌិត អ៊ែនធូនី ហ្វាវស៊ី ប្រធានស្ថាប័នការពារជំងឺឆ្លង បានបញ្ជាក់ថា សហរដ្ឋអាមេរិករកឃើញមានអ្នកឆ្លងកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង បានធ្វើដំណើរពីប្រទេស អាហ្វ្រិកខាងត្បូង ទៅរដ្ឋសេនហ្វ្រេនស៊ីស្កូ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងពិនិត្យឃើញវិជ្ជមានកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបុគ្គលឆ្លងនោះបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់ចំនួនដូសរួចរាល់។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អាការៈអ្នកឆ្លងមិនមានសភាពធ្ងន់ធ្ងរទេ ពេលនេះអ្នកជំងឺកំពុងដាក់ខ្លួននៅដាច់ដោយឡែកដើម្បីធ្វើការព្យាបាល។

លោកវេជ្ជបណ្ឌិត អ៊ែនធូនី ហ្វាវស៊ី បានធ្វើការជូនដំណឹងដល់ពលរដ្ឋអាមេរិកកាំងថា រាល់ពលរដ្ឋដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ គ្រប់ចំនួន ២ដូសហើយក៏ដោយ ក៏ត្រូវប្រញាប់ទៅទទួលវ៉ាក់សាំងដូសជម្រុញទី៣បានហើយ មិនចាំបាច់រងចាំដូសពិសេសចំពោះមេរោគបំប្លែងថ្មីនោះទេ។

ជាមួយគ្នានេះលោកប្រធានាធិបតី ជោ បៃឌិន របស់សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការសុខាភិបាលបន្ថែមដល់ពលរដ្ឋ ដែលតម្រូវឲ្យពាក់ម៉ាសគ្រប់ពេលធ្វើដំណើរសាធារណៈដូចជា៖ តាមយន្តហោះ រថយន្តក្រុង រថភ្លើង រួមទាំងនៅព្រលានយន្តហោះ និងក្នុងបរិវេណស្ថានីយអ្នកដំណើរ បំរាមនេះត្រូវអនុវត្តរហូតដល់ខែមីនា ឆ្នាំ២០២២ ។

សេចក្តីប្រកាសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកធ្វើឡើងក្រោយពីបានរកឃើញអ្នកជំងឺដំបូងបានឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង និងការដាក់ចេញវិធានការផ្សេងៗរួមទាំងការចេញច្បាប់កំណត់ឲ្យអ្នកដំណើរបរទេសចូលទឹកដីអាមេរិក ត្រូវបង្ហាញលទ្ធផលអវិជ្ជមានកំឡុងរយៈពេល ២៤ម៉ោង មុនការធ្វើដំណើរ ដែលខុសពីគោលការណ៍មុនបានកំណត់ថា ត្រូវបង្ហាញលទ្ធផលអវិជ្ជមានកំឡុងរយៈពេល ៧២ម៉ោង មុនអនុញ្ញាតឱ្យធ្វើដំណើរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២