សូមបើកបរដោយការប្រុ. ងប្រយ័.ត្ន! រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបុ..កនិងកិ. នយុវជន២នាក់បណ្តាលឱ្យរងរបួ. សធ្ង..ន់

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបុកហើយកិនចំពីក្រោយ យុវជនពីរនាក់ ដែលកំពុងតែជិះម៉ូតូឌុបគ្នា បណ្តាលឱ្យរងរបួសធ្ងន់ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ កែងនឹងផ្លូវបេតុង ច្រកចូលបុរីជីបម៉ុង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម៉ោងជិត៨ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IR-2721 ជិះឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីបម៉ុង ខនគ្រីតមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-0635 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅស្របទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានបត់ស្តាំបុកកិនម៉ូតូរបស់យុវជនរងគ្រោះខាងលើ បណ្តាលឲ្យដួលខ្ទាតចូលក្រោមកង់រថយន្តទាំងពីរនាក់ បណ្តាលឱ្យម្នាក់រងរបួសបាក់ដៃ និងម្នាក់ទៀត មានអាការក្អួតចង្អោរ ត្រូវបានបញ្ជូនតាមរថយន្តសាមុយ ទៅកាន់មន្ទីរពេទ្យឯករាជ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់។

ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោរ សហការជាមួយនឹងនគរបាលជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងយករថយន្តបង្ក និងម៉ូតូយុវជនរងគ្រោះទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២