មេដឹកនាំមហាអំណាចអាមេរិក និងរុស្សីនឹងជួបគ្នានៅសប្តាហ៍ក្រោយ ខណៈស្ថានការណ៍នៅព្រំដែនអ៊ុយក្រែន នៅតែតានតឹង 

វ៉ាស៉ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា បន្ទាប់ពីស្ថានការណ៍ទាក់ទងនឹងបញ្ហារអ៊ុយក្រែនហាក់មានសភាពកាន់តែក្តៅ និងគួរឲ្យព្រួយបារម្ភនោះ ពេលនេះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងជួបគ្នាតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សារឿងនេះ។

វិមានក្រឹមឡាំងរុស្ស៉ីវិញ បានប្រាប់ថា ទំនាក់ទំនងទ្វេភាគី ការអនុវត្តការព្រមព្រៀងគ្នា ដែលសម្រេចបាន នៅទីក្រុងហ្សឺណែវ កាលពីខែមិថុនាកន្លងទៅ ហើយប្រាកដណាស់គឺអ៊ុយក្រែន នឹងជារបៀបវារៈចម្បងនៃជំនួបនាសប្តាហ៍ក្រោយ រវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៉ី។

ចំណែកអ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី Jen Psaki បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា លោក បៃដិន នឹងសង្កត់ធ្ងន់អំពីក្តីបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញសកម្មភាពយោធារុស្ស៉ី នៅតាមបណ្តោយព្រំប្រទល់ជាមួយអ៊ុយក្រែន ហើយលោកក៏នឹងបញ្ជាក់សាជាថ្មីផងដែរ នូវការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា រុស្ស៊ីត្រូវបានគេរាយការណ៍ថា បានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ពដ៏ច្រើននេះបង្កការព្រួយបារម្ភថា ទីក្រុងមូស្គូ កំពុងត្រៀមលក្ខណៈវាយប្រហារលើអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ។ ដោយឡែក លោក ចូ បៃដិន ក៏បានសន្យាដែរថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរារាំងកុំឱ្យរុស្ស៊ីបើកការវាយប្រហារលើ ប្រទេសអ៊ុយក្រែន ដែលក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ព្រមានថា អាចនឹងកើតឡើងនៅខែមករា ឆ្នាំ២០២២៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២