សហរដ្ឋអាមេរិកប្រកាសធ្វើពហិការមិនបញ្ជូនមន្ត្រីការទូតចូលរូមកីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េកាំងនោះទេ

វ៉ាស៊ីនតោន៖ កាលពីថ្ងៃច័ន្ទម្សិលម៉ិញនេះ សហរដ្ឋអាមេរិកបានប្រកាសធ្វើពហិការការទូតនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េកាំងឆ្នាំ ២០២២ ដែលជាការថ្កោលទោសចំពោះបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសចិន ដែលមិនបញ្ជូនមន្ត្រីការទូតចូលរួមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ការសម្រេចចិត្តនេះ បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ទីក្រុងប៉េកាំងពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ Uyghur មូស្លីមនៅតំបន់ Xinjiang ភាគពាយ័ព្យរបស់ភាគីចិន។

ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះមិនទាន់មានប្រតិកម្មភ្លាមៗណាមួយពីទីក្រុងប៉េកាំងនោះទេ ប៉ុន្តែក្រសួងការបរទេសចិនមុននេះ បានគំរាមកំហែង “វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះការធ្វើពហិការណាមួយនោះ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា រដ្ឋបាលនឹងមិនបញ្ជូនតំណាងការទូតទៅកាន់ការប្រកួតនេះទេ ដោយសារ “អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកំពុងបន្តរបស់ចិននៅក្នុង Xinjiang និងការរំលោភសិទ្ធិមនុស្សផ្សេងទៀត” ។

លោកស្រី Jen Psaki បានបន្ថែមថា “អត្តពលិក Team USA នៅតែមានការគាំទ្រយ៉ាងពេញទំហឹងរបស់យើង។ យើងនឹងនៅពីក្រោយពួកគេ ១០០ ភាគរយនៅពេលយើងលើកទឹកចិត្តពួកគេពីផ្ទះ” ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា ការមិនបញ្ជូនមន្ត្រីគឺជា “ការសម្រេចចិត្តនយោបាយសុទ្ធសាធសម្រាប់រដ្ឋាភិបាលនីមួយៗ ដែល IOC ក្នុងអព្យាក្រឹតភាពនយោបាយរបស់ខ្លួនគោរពយ៉ាងពេញលេញ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២