អាមេរិកគំរាមដាក់ទណ្ឌកម្ម សេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងករណីរុស្ស៊ីឈ្លានពាន អ៊ុយក្រែន

វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះរុស្ស៊ី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា លោកខាងលិចអាចនឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចប្រសិនបើកងទ័ពរុស្ស៊ីដែលកំពុងប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន បើកការវាយប្រហារណាមួយ។

ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងជំនួបកំពូលតាមប្រព័ន្ធវីដេអូដ៏តានតឹងជាមួយលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ដូច្នេះថា លោកបៃដិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ចំពោះសកម្មភាពកងទ័ពរុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនឹងធ្វើការឆ្លើយតបតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការដទៃទៀត នៅក្នុងករណីជម្លោះយោធាណាមួយផ្ទុះឡើង។

គួរបញ្ជាក់ថា ជំនួបរវាងលោក បៃដិន និងលោក ពូទីន ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានថា រុស្ស៊ីអាចនឹងបើកការ វាយប្រហារលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ដោយអះអាងថា ខ្លួនមិនមាន ផែនការវាយប្រហារលើប្រទេសណាមួយទេ តែថារុស្ស៊ីក៏មានបន្ទាត់ក្រហមរបស់ខ្លួនដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២