អូស្ត្រាលីគ្រោងធ្វើពហិការផ្នែកការទូត ចំពោះកីឡាអូឡាំពិករដូវរងារ នៅ ទីក្រុងប៉េកាំង ដូចទៅនឹងសហរដ្ឋអាមេរិកផងដែរ

ស៉ីដនី៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison បាននិយាយថា ប្រទេសអូស្ត្រាលី នឹងធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ខណៈសហរដ្ឋអាមេរិកទើបតែចេញមកប្រកាសថ្មីៗនេះ អំពីពហិការផ្នែកការទូតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Scott Morrison បានថ្លែងថា ទីក្រុងCanberra នឹងចូលរួមក្នុងការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ ទោះបីជាមានការគំរាមកំហែង ចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់ ពីប្រទេសចិនក៏ដោយ។

អូស្ត្រាលីសម្រេចចិត្តដូចខាងលើនេះ គឺមិនសូវខុសពីសហរដ្ឋអាមេរិកនោះឡើយ ដោយពាក់ព័ន្ធនឹងរបាយការណ៍សិទ្ធិមនុស្ស ទៅលើតំបន់ស៊ីនជាំងរបស់ចិន និងការឆ្លើយតបចំពោះជម្លោះផ្នែកពាណិជ្ជកម្ម ដែលអូស្ត្រាលីកំពុងទទួលរងការរាំងខ្ទប់ពីចិន។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានថ្លែងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការធ្វើពហិការពីសំណាក់សហរដ្ឋអាមេរិក ហើយនឹងចាត់វិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់។

គួរបញ្ជាក់ថា ប្រទេសចិនក៏បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការនាំយកនយោបាយ មកលាយឡំក្នុងវិស័យកីឡា ដោយទីក្រុងប៉េកាំងបានសង្កត់ធ្ងន់បន្ថែមទៀតថា ការធ្វើពហិការនេះគឺជាទង្វើផ្ទុយស្រឡះ ពីគោលការណ៍នៃកីឡាអូឡាំពិក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២