តុលាការកំពូលតម្កល់ទោ. សបុរសម្នាក់ ដាក់គុ. ក៨ ឆ្នាំដដែល ពាក់ព័ន្ធករណីបង្ខាំ.ងកុមារីម្នាក់ ដើម្បីទុករំ..លោ..ភសេ..ពសន្ថ. វ: និង ល. ក់នាងឱ្យរួ.មភេ. ទ ជាមួយប្រុសផ្សេង

ភ្នំពេញ ៖ អតីតមន្រ្តីនគរបាលមួយរូបត្រូវបាន តុលាការកំពូលប្រកាសសាលដីកាតម្កល់ទោស ដាក់គុកកំណត់៨ឆ្នាំ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំងក្មេងស្រីម្នាក់ នៅក្នុងបន្ទប់ជួល ដើម្បីទុកបង្ខំរួមភេទ និង ក្រោយមក បានបង្ខំឱ្យជនរងគ្រោះ ទៅរួមភេទ ជាមួយអ្នកដទៃទៀត ដើម្បីយកលុយ ករណីនេះបានប្រព្រឹត្តនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ និង ខែមករា ឆ្នាំ២០១៨។

យោងតាមឯកសារតុលាការ បានឱ្យដឹងថា ទណ្ឌិតរូបនេះ មាន ឈ្មោះ ឌឹម មករា អាយុ៣៣ឆ្នាំ មុខរបរមុនចាប់ខ្លួនជាមន្ត្រីនគរបាលផ្នែកអគ្គីភ័យ បម្រើការ នៅស្នងការដ្ឋាន នគរខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានអាយុ១៦ ឆ្នាំ។ នៅពេលកើតហេតុនោះ អ្នកទាំងពីរ គឺ ត្រូវជាគូសង្សារនឹងគ្នា។

ទណ្ឌិត ឈ្មោះ ឌឹម មករា ត្រូវបានសាលាដំបូងខេត្តព្រៃវែង កាលពីឆ្នាំ ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ ពីបទ: “សញ្ចរកម្ម មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ ” តាមមាត្រា ២៤១ និង ២៨៩ នៃក្រមព្រហ្មទណ្ឌ ។ ទណ្ឌិត ឌឹម មករា បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ រក្សាទុកដដែល។ គាត់បន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ទណ្ឌិតរូបនេះត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តឹងរបស់កុមារីរងគ្រោះ បន្ទាប់ពីគាត់ បានចាប់បង្ខាំងជនរងគ្រោះ នៅក្នុងបន្ទប់ជួល អស់រយៈពេល ប្រហែល៤ខែ ដើម្បីរំលោភសេពសន្ថវ: និង បានលក់ខ្លួនជនរងគ្រោះ ទៅរួមភេទ ជាមួយបុរសដទៃទៀត ដើម្បីរកលុយ (នេះបើយោងតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះ)។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ នៅពេលសវនាការ កាលពីថ្ងៃទី ១ ខែ ធ្នូ ឈ្មោះ ឌឹម មករា បានឆ្លើយបដិសេធ និង និយាយប្រាប់តុលាការថា រូបលោកមិនបានប្រព្រឹត្តអ្វី ដូចការចោទគាត់ខាងលើនេះទេ។

ទោះបីជាយ៉ាងណាក្តី ជនជាប់ចោទ ឈ្មោះ ឌឹម មករា បានទទួលស្គាល់ថា ខ្លួន និង ជនរងគ្រោះ គឺជាគូសង្សារនឹងគ្នា និង ធ្លាប់បានរួមរស់នៅជាមួយគ្នា មួយរយៈ នៅក្នុងខេត្តព្រៃវែង មុនពេល ដែលខ្លួន ត្រូវបានចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ ជនរងគ្រោះ។ ឈ្មោះ ឌឹម មករា បានសំណូមពរដល់តុលាការកំពូល មេត្តាជួយរកការពិត និង យុត្តិធម៌ ដល់គាត់ និង មេត្តាសម្រេច ដោះលែង រូបគាត់ឱ្យមានសេរីភាពវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២