ម្ចាស់ហាងយំមិនចេញទេ ឆេះម៉ូតូអស់៥៧គ្រឿង និងរថយន្ត២គ្រឿង ទាំងព្រឹកព្រលឹម

(ខេត្តកំពត)៖ រថយន្តពីរគ្រឿង និងម៉ូតូជាច្រើនគ្រឿងបានរងការខូចខាត ដោយសារអគ្គីភ័យឆាបឆេះហាងលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។ ហេតុការណ៍នេះបានកើតឡើងនាព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ហើយសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយបានកើតឡើង នៅហាងលក់ម៉ូតូយីហោ “ហុងដាលីប៉េង” ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

លោកស្នងការបានបន្តទៀតថា ភ្លើងបានរលត់ទៅវិញនៅម៉ោងជិត៨ព្រឹក បន្ទាប់ពីលោកបានដឹកនាំកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តចុះអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ប្រើទឹកអស់៦ស៊ីទែន។

លោកស្នងការបានបញ្ជាក់ថា ជាការសន្និដ្ឋានជំហានដំបូង ករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ទោះមិនមាន សមាជិកគ្រួសារណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរក៏ពិតមែន តែហេតុការណ៍នេះបានបណ្តាលឱ្យខូចខាតម៉ូតូកំពុងដាក់តាំងលក់ចំនួន៥៤គ្រឿង រថយន្តលុចស៊ីស៥៧០ ពណ៌ស មួយគ្រឿង និងរថយន្តម៉ាកហុងដាស៊ី.អ.វី(CRV) ផលិតឆ្នាំ២០១៨ មួយគ្រឿង។

តែយ៉ាងណា ក្រោយពីភ្លើងរលត់ភ្លាមៗ សមត្ថកិច្ចមិនទាន់ទទួលបានរបាយការណ៍ស្តីពីទំហំថវិកានៃការខាតបង់នោះ នៅឡើយទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២