នុះ! ចិនព្រមានក្រុមប្រទេស ដែលបានប្រកាសធ្វើពហិការ ការទូតពីកីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េងកាំង

ប្រទេសចិនបានធ្វើការព្រមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលីថា ពួកគេនឹងត្រូវសងថ្លៃសម្រាប់ការធ្វើពហិការការទូតពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្រុងប៉េកាំងនេះ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសក្នុងសប្តាហ៍នេះ ពីការធ្វើពហិការការទូតផ្លូវការពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅប្រទេសចិននាខែកុម្ភៈខាងមុខនេះ និងនិយាយថា ដោយសារការរំលោភសិទ្ធិមនុស្សលើក្រុមជនជាតិភាគតិចមូស្លីម Uyghur នៅចិនទើបបានជាពួកគេសម្រេចចិត្តធ្វើបែបនេះ។

បន្ទាប់មក នៅថ្ងៃពុធ ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា ក៏បានប្រកាសពីការធ្វើពហិការ ការទូតពីកីឡាអូឡាំពិកនេះដែរ។ ប្រការនេះបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង និងបង្ហើបពីការសងសឹងវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់អ្នកកាសែតថា ការប្រើប្រាស់វេទិកាកីឡា អូឡាំពិក ដើម្បីជាឧបាយកលនយោបាយរបស់អាមេរិក អូស្ត្រាលី អង់គ្លេស និងកាណាដា គឺមិនពេញនិយម និងឯកោខ្លួនឯង ហើយពួកគេនឹងសងថ្លៃដោយចៀសមិនផុត ចំពោះកំហុសឆ្គងរបស់ពួកគេ។

ជាមួយគ្នានេះ ប្រទេសរុស្ស៊ីបានរិះគន់ចំពោះការសម្រេចចិត្តរបស់អាមេរិក និងនិយាយថា កីឡាអូឡាំពិក ឆ្នាំ ២០២២ មិនគួរពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានទទួលការអញ្ជើញរួចហើយពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីចូលរួម។

ចំណែកប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បាននិយាយកាលពីថ្ងៃពុធថា លោកបានកំពុងរក្សានយោបាយឲ្យមានអព្យាក្រឹតលើបញ្ហានេះ និងទទួចពីចំណុចសំខាន់របស់កីឡាអូឡាំពិកគឺជាការចូលរួមប្រកួតរបស់អត្តពលិក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២