រុស្ស៊ីនិយាយថា ខ្លួននឹងដាក់ពង្រាយ ប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO ធ្វើបែបនេះ

ម៉ូស្គូ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានប្រកាសនៅថ្ងៃច័ន្ទសប្តាហ៍នេះ ដោយព្រមានទុកជាមុនថា រុស្ស៊ីនឹងឆ្លើយតបវិញដោយដាក់ពង្រាយ ប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO មានផែនការធ្វើដូច្នេះដែរ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានថ្លែងថា រុស្ស៊ីនឹងត្រូវបង្ខំចិត្តបញ្ចេញសកម្មភាព ប្រសិនបើប្រទេសលោកខាងលិច បដិសេធមិនចូលរួមក្នុង សន្ធិសញ្ញានុយក្លេអ៊ែរ INF នៅអឺរ៉ុប ជាផ្នែកមួយនៃកញ្ចប់ធានាផ្នែកសន្តិសុខ ដែលត្រូវបានចាត់ទុកជាមធ្យោបាយ ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែនទេនោះ។

គួរបញ្ជាក់ផងដែរថា ការព្រមានពីសំណាក់រុស្ស៊ីនេះ បានកើតមានឡើងចំពេលដែលអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងតែដាក់បន្ទុក និងចោទប្រកាន់រុស្ស៊ីយ៉ាងខ្លាំង ជុំវិញស្ថានការណ៍តានតឹងជាមួយអ៊ុយក្រែន ដែលត្រូវបានគេមើលឃើញថា បាន និងកំពុងធ្វើឲ្យអឺរ៉ុបទាំងមូល ត្រូវប្រឈមមុខជាមួយរុស្ស៊ីដោយផ្ទាល់ ដែលជាប្រទេសមានយោធាខ្លាំងបំផុតលំដាប់លេខ ២ នៅលើពិភពលោក។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានគូសបញ្ជាក់ប្រាប់ថា បើសិនមានការឈ្លានពានណាមួយនោះនឹងមានវិធានការតបតរវិញ។

អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បាន និងកំពុងរៀបចំផែនការវាយប្រហារដោយយោធា ទ្រង់ទ្រាយធំ ដែលអាចកើតមានឡើង ប៉ុន្តែវិមានក្រឹមឡាំង បានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ ដោយនិយាយថា ខ្លួនមិនបានរៀបចំផែនការវាយប្រហារណាមួយឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២