ប្រធានាធីបតី ចិន និងរុស្ស៊ី ជួបពិភាក្សាគ្នា តាមអនឡាញ លើបញ្ហាប្រឈមមួយចំនួន

ប៉េកាំង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីន ហួរ បានឲ្យដឹងថា ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃច័ន្ទថា នៅថ្ងៃទី ១៤ ខែធ្នូនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាធីមៀ ពូទីន តាមរយៈវីដេអូខល ដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហាប្រឈមៗមួយចំនួន ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា មេដឹកនាំទាំងពីរនឹងសង្ខេបការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី និងសមិទ្ធិផលសហប្រតិបត្តិការ ដែលប្រទេសទាំងពីរសម្រេចបានក្នុងវិស័យផ្សេងៗ ។

លោក Wang បាននិយាយថា មេដឹកនាំទាំងពីរ ក៏នឹងរៀបចំផ្លូវអភិវឌ្ឍន៍នាពេលអនាគតនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗដែលជាកង្វល់រួម ។

យោងតាមអ្នកនាំពាក្យ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងពង្រឹងបន្ថែមទៀតនូវទំនុកចិត្តកម្រិតខ្ពស់ លើគ្នាទៅវិញទៅមក ក៏ដូចជាជំរុញការសម្របសម្រួលយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី ដើម្បីស្ថិរភាពស្ថានភាពអន្តរជាតិ ដែលកំពុងជាប់គាំង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២