សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១នេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។នេះជាសណ្ឋាគារដ៏ទំនើប និងធំមួយត្រូវបានសាងសង់ឡើងនៅកណ្តាលរាជធានីភ្នំពេញ។
សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ជារបស់ក្រុមហ៊ុន ជីប ម៉ុង ដែលត្រូវបានសាងសង់ឡើងក្នុងតម្លៃ ១៨០លានដុល្លារ ដែលបានទិញម៉ាកយីហោមកពីអាមេរិក។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។
សណ្ឋាគារនេះ មានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom)ជាសាលដ៏ធំទូលាយ និងទំនើបសម្រាប់រៀបចំកម្មវិធី និងកិច្ចប្រជុំគ្រប់ប្រភេទ។
វត្តមានសណ្ឋាគារនេះ បានបង្ហាញពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេស ដែលនឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា៕