ធនាគារ ABA បោះទុន ៣០០លានដុល្លារដើម្បីចូលរួមវិនិយោគ អាកាសយានដ្ឋានអន្តរជាតិតេជោ

ធនាគារ ABA បានធ្វើការប្រកាសការវិនិយោគនូវទឹកប្រាក់ចំនួន 30 លានដុល្លារអាមេរិក លើសញ្ញាបណ្ណសាជីវកម្ម ដើម្បីចូលរួម ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ពីមុនត្រូវបានស្គាល់ថា ជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី)។

ពិធីចុះហត្ថលេខាលើការវិនិយោគត្រូវបានធ្វើឡើង កាលពីថ្ងៃទី14 ខែធ្នូ រវាងធនាគារ ABA និង ក្រុមហ៊ុនអូវើស៊ី ខេមបូឌានអ៊ិនវេសមិន ឯ.ក (OCIC) រួមជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាកាសយានដ្ឋាននេះ នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំដែលនឹងជួយបង្កើនការវិនិយោគរបស់ប្រទេស និងការទាក់ទាញផ្នែកទេសចរណ៍។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ពាក់ព័ន្ធនឹងការវិនិយោគនេះថា “យើងមានមោទនភាពក្នុងការចូលរួមដល់ការកសាងសមិទ្ធផលដ៏លេចធ្លោមួយនេះរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ។ យើងខ្ញុំនៅធនាគារ ABA ជឿជាក់ថា គម្រោងដ៏ធំនេះ នឹងមិនត្រឹមតែជួយជំរុញដល់វិសាលភាព សេដ្ឋកិច្ចកម្ពុជានៅទូទាំងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយដល់កំណើនបន្ថែមទៀតនៃវិស័យទេសចរណ៍ និងវិស័យភ័ស្តុភារកម្មនៃសេដ្ឋកិច្ចកម្ពុជាផងដែរ”។

បច្ចុប្បន្នភាគហ៊ុនិក ABA បានវិនិយោគទឹកប្រាក់ 1.2 ប៊ីលានដុល្លារអាមេរិកដល់ដើមទុនរបស់ធនាគារ ដែលរួមមានមូលធនភាគហ៊ុនិកជិត 1.1 ប៊ីលានដុល្លារអាមេរិក និង 100 លានដុល្លារអាមេរិកនៅក្នុងបំណុលបន្ទាប់បន្សំ។ភាគហ៊ុនិក ABA ជឿជាក់លើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងបានរក្សាប្រាក់ចំណេញទាំងអស់នៅក្នុងធនាគារជាការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតរបស់ ABA និងបុគ្គលិករបស់ខ្លួន។ ជាមួយគ្នានេះ ធនាគារ ABA ក៏បានផ្ដល់ការងារដល់ បុគ្គលិកក្នុងស្រុកប្រមាណជិត 7,000នាក់ នៅតាមបណ្ដា 80 សាខានិងបណ្ដាញរបស់ខ្លួន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២