ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជិត ១៤លានដុល្លារសម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័តនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ដោយឡែក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ចៃកា (JICA) បាន ផ្តល់ជំនួយ ឥតសំណង ចំនួនជាង ១២លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្ត គម្រោងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ (Port EDI)។ គម្រោងនេះ ចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្ន មានវឌ្ឍនភាព ប្រមាណ ៨០ ភាគរយហើយៗ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការប្រព័ន្ធ ជាផ្លូវការ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលបានខិតខំ ប្រឹងប្រែង សហការជាមួយ ក្រុមការងាររបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ឱ្យ ដំណើរការ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ អេឡិចត្រូនិក នៅកំពង់ផែ (Port EDI) នេះ និង បានគូសបញ្ជាក់ អំពីសារៈសំខាន់ នៃការប្រើប្រាស់ប្រព័ន្ធផ្លាស់ ប្តូរទិន្នន័យ អេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ក្នុងការជួយសម្រួល ដល់នីតិវិធីចេញ-ចូល កំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ សំដៅគ្រប់គ្រងសេវាដឹក ជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសជួយបង្កើនការទាក់ទាញ ការវិនិយោគផ្ទាល់ ពីបរទេស និងបង្កើតការងារ ធ្វើជូនពលរដ្ឋកម្ពុជា ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២