អង្គការ NATO ចេញមកឆ្លើយតបទៅរុស្ស៉ីវិញថា ខ្លួនគ្មានផែនការដាក់ពង្រាយនុយក្លេអ៊ែរនៅតំបន់អឺរ៉ុបនោះឡើយ

ព្រុចសែល៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា អង្គការ NATO បានឆ្លើយតបទៅកាន់រុស្ស៊ីវិញថា ខ្លួនគ្មានផែនការក្នុងការដាក់ពង្រាយ គ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យម នៅតំបន់អឺរ៉ុបនោះឡើយ។

អគ្គលេខាធិការនៃអង្គការ NATO លោក Jens Stoltenberg បានប្រាប់អ្នករាយការណ៍ព័ត៌មាននានា នៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសរុស្ស៊ីទៅវិញទេ ទើបជាអ្នកដែលបានរំលោភទៅលើសន្ធិសញ្ញា INF នាប៉ុន្មានឆ្នាំមកនេះ ដោយការដាក់ពង្រាយគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីៗ នៅតំបន់អឺរ៉ុប, តែយ៉ាងណាលោកបានអះអាងថា NATO មិនមានបំណងឆ្លុះបញ្ចាំងអ្វីមួយ ចំពោះអាកប្បកិរិយារបស់រុស្ស៊ីនោះឡើយ។

គួរបញ្ជាក់ផងដែរថា សន្ធិសញ្ញា INF ដែលលោក Jens Stoltenberg បានលើកឡើង គឺត្រូវបានចុះហត្ថលេខាបង្កើតឡើង កាលពីឆ្នាំ១៩៨៧ រវាងមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev និងប្រធានាធិបតីអាមេរិកលោក Ronald Reagan នៅកាលណោះ INF បានហាមឃាត់វត្តមាន មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅក្នុងតំបន់អឺរ៉ុប។ សន្ធិសញ្ញានេះបានផុតកំណត់ កាលពីឆ្នាំ២០១៩ រួចទៅហើយ ប៉ុន្តែពេលនេះភាគីពាក់ព័ន្ធទាំងឡាយ កំពុងសម្លឹងរកមើលការបន្តវាជាថ្មីឡើងវិញ ស្របពេលស្ថានការណ៍រវាងរុស្ស៉ី និងលោកខាងលិចកំពុងតែតានតឹងខ្លាំង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២