អង្គការសុខភាពពិភពលោក ព្រមានជាថ្មីថា Omicron មានសមត្ថភាពឆ្លងលឿនជាងវីរុសបំប្លែងខ្លួនមុនៗទៅទៀត

WHO៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Rueters បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារបានព្រមានថា Omicron កំពុងរីករាលដាលលឿនជាងវីរុសកូវីដបំប្លែងខ្លួនមុនៗ ហើយវាប្រហែលជាមានវត្តមាននៅក្នុងប្រទេសភាគច្រើននៃពិភពលោក ។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយនៅអំឡុងពេលធ្វើបច្ចុប្បន្នភាពកូវីដនៅទីក្រុងហ្សឺណែវថា “Omicron កំពុងរីករាលដាលក្នុងអត្រាមួយ ដែលយើងមិនបានឃើញជាមួយនឹងវីរុសបំប្លែងខ្លួនពីមុនណាមួយឡើយ ។ ប្រទេសចំនួន ៧៧ ឥឡូវនេះបានរាយការណ៍ពីករណីឆ្លង omicron ។ ហើយការពិតគឺថា Omicron ប្រហែលជានៅ ក្នុងប្រទេសភាគច្រើន ទោះបីជាកន្លែងផ្សេងទៀតមិនទាន់ត្រូវបានរកឃើញក៏ដោយ” ។

លោក Tedros បាននិយាយថា WHO មានការព្រួយបារម្ភលើប្រទេសនានាកំពុងចាត់ទុក Omicron ជាវីរុសបំប្លែងខ្លួនស្រាល ។ យ៉ាងណា ទោះបីជា Omicron មានការឆ្លងខ្លាំងក៏ដោយ ក៏វាមិនទាន់ច្បាស់ថា តើមេរោគនេះបង្កជាជំងឺស្រាល ឬធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនពីមុនៗនោះទេ ។

ទន្ទឹមនឹងនោះលោក Tedros បានព្រមានថា វ៉ាក់សាំងតែមួយមុខនឹងមិនការពារប្រទេសពី Omicron នោះទេ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពាក់ម៉ាស និងគម្លាតសង្គមជាដើម ។

ចំណែកលោកវេជ្ជបណ្ឌិត Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់ WHO បាននិយាយថា វិធានការដូចជាការពាក់ម៉ាស និងរក្សាគម្លាតសង្គមក៏មិនមែនមានន័យថាបញ្ឈប់ការចម្លងមេរោគទាំងស្រុងនោះផងដែរ ប៉ុន្តែវិធានការទាំងនេះនឹងកាត់បន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាលជុំវិញពិភពលោក ។

លោក Ryan បាននិយាយថា រដ្ឋាភិបាលជុំវិញពិភពលោកត្រូវរៀបចំសម្រាប់រលកនៃការឆ្លងថ្មីដោយធ្វើឲ្យប្រាកដថា មន្ទីរពេទ្យមានការផ្គត់ផ្គង់បុគ្គលិក ជំនួយ និងអុកស៊ីសែននៅនឹងកន្លែង ។ លោក ក៏ បាន និយាយ ដែរថា រដ្ឋាភិបាល ត្រូវ បន្ត ជំរុញ អ្នក ដែល មិន បាន ចាក់ វ៉ាក់សាំងឲ្យ ទទួល បាន ការ ចាក់វ៉ាក់សាំង ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២