ស្គាល់ច្បាស់ហើយ មេល្បែងស៊ីសងដ៏ធំ ដែលសមត្ថកិច្ចចុះបង្ក្រាបនៅក្នុងឃ្លាំងមួយកន្លែង ក្នុងភូមិត្រពាំងស្វាយនោះ

ភ្នំពេញ៖ បើតាមប្រភពពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងឃ្លាំងមួយកន្លែង ដែលបើកលេងល្បែងស៊ីសងខុសច្បាប់ដ៏ធំ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបនោះគឺគេស្គាល់ឈ្មោះមេល្បែងហើយ គឺឈ្មោះ សូ សំឡូត ដែលតែងតែបើកល្បែងស៊ីសងខុសច្បាប់ ដោយបើកលេងបៀជាច្រើនវង់ ចល័តពីកន្លែងមួយទៅកន្លែងមួយតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ផងដែរ ។ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជាមេល្បែងដ៏ធំរូបនេះ នៅតែព្រហើនហ៊ានបើកល្បែងស៊ីសងជាបន្តបន្ទាប់បែបនេះ ដោយមិនខ្លាចញញើតច្បាប់បន្តិចឡើយ ។

ជាក់ស្ដែងកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងមួយកន្លែងដែលមេល្បែងដ៏ធំឈ្មោះ សូ សំឡូត លួចបើកជាវង់បៀដ៏ធំស្ថិតនៅក្នុងឃ្លាំងមួយកន្លែងតាមផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បើតាមប្រភពព័ត៌មានពីអ្នកជិតខាង បានបង្ហើបឱ្យអ្នកសារព័ត៌មានដឹង ថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនេះ គឺទីតាំងមួយនេះតែងតែមានមនុស្សចេញចូលជាច្រើន និងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានណាឡើយ ។ទើបតែនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបជាទ្រង់ទ្រាយធំ ដោយឃាត់បានមេល្បែងឈ្មោះ សូ សំឡូត នៅក្នុងទីតាំងល្បែងនេះ និងអ្នកពាក់ព័ន្ធជាង៣០នាក់ផ្សេងទៀត ។

បច្ចុប្បន្ន មេល្បែងឈ្មោះ សូ សំឡូត និងមនុស្សពាក់ព័ន្ធជាង៣០នាក់នោះ ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២