អាល្លឺម៉ង់ និងបារាំង គ្រោងបើកការចរចារជាមួយរុស្ស៉ី ដើម្បីបញ្ចៀសសង្គ្រាមនៅអ៊ុយក្រែន

ព្រុចសែល៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា បារាំង និងអាល្លឺម៉ង់នៅថ្ងៃពុធសប្តាហ៍នេះ បានគ្រោងបើកកិច្ចសន្ទនាជាបន្ទាន់ ជាមួយនឹងរុស្ស៊ី ក្រោយបណ្តាប្រទេសលោកខាងលិច មើលឃើញថា រុស្ស៊ីកំពុងត្រៀមវាយប្រហាអ៊ុយក្រែន។

បើតាមការគូសបញ្ជាក់ ដោយមន្ត្រីការិយាល័យប្រធានាធិបតីបារាំងបានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីថ្មីរបស់អាល្លឺម៉ង់លោក Olaf Scholz បានជំរុញឲ្យមានកិច្ចសន្ទនាជាមួយរុស្ស៊ីនៅក្នុងកិច្ចប្រជុំមួយរវាងភាគីទាំង ២ នេះ។

យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំទាំង២ភាគី ក៏បានធ្វើការប្តេជ្ញាឡើងវិញ ចំពោះការស្វែងរកដំណោះស្រាយ ប្រកបដោយនិរន្តរភាព ចំពោះវិបត្តិបច្ចុប្បន្ន ដើម្បីរក្សាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ប្រទេសអ៊ុយក្រែនផងដែរ។

ជាមួយគ្នានេះផងដែរ ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគ្នានោះថា លោកត្រៀមខ្លួនជានិច្ចដើម្បីបើកកិច្ចសន្ទនា និងចរចាជាមួយរុស្ស៊ី ប៉ុន្តែលោកក៏ចង់ឃើញគោលនយោបាយដាក់ទណ្ឌកម្ម ដ៏រឹងមាំពីសំណាក់លោកខាងលិច ចំពោះរុស្ស៊ីផងដែរ ដើម្បីបញ្ចៀសការបង្កហេតុដូចនេះទៀត នៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ីថា បានដាក់ពង្រាយកងកម្លាំងយោធា ក្នុងទ្រង់ទ្រាយធំរហូតដល់ទៅ ១០០,០០០នាក់ នៅតំបន់ជាប់ព្រំដែនអ៊ុយក្រែន ដែលជាការរៀបចំត្រៀមឈ្លានពាន។ ប៉ុន្តែទីក្រុងម៉ូស្គូបានអះអាង និងឆ្លើយតបវិញថា នេះជាចំណាត់ការដើម្បីការពារខ្លួនប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២