ផ្ទះល្វែងស្តុកទំនិញមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលថ្ងៃត្រង់

ភ្នំពេញ ៖ ផ្ទះល្វែងស្តុកទំនិញមួយកន្លែង សង្ស័យឆ្លងចរន្តអគ្គិសនី បង្កទៅជាគ្រោះអគ្គីភ័យ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវលេខ៣៨អឺ៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ធំក្លិនឈ្ងៀម បន្ទាប់មកក៏ឃើញផ្សែងហុយចេញពីក្នុងផ្ទះល្វែងខាងលើយ៉ាងឃ្មួលខ្មាញ់ព្រមទាំងលាយឡំជាមួយអណ្ដាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋនៅក្បែរខាងក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យពីតាមផ្ទះរៀងៗខ្លួនទៅជួយបាញ់ពន្លត់ រីឯអ្នកខ្លះប្រើទុយោបាញ់ទឹកពន្លត់ដែរ ប៉ុន្តែបាញ់អស់ជាច្រើនបំពង់នៅតែមិនរលត់ទៀត ក្រោយមកក៏បានរាយការណ៍ជូនអាជ្ញាធរសុំឲ្យជួយអន្តរាគមន៍។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅពេលមានអគ្គិភ័យកើតឡើងអ្នកភូមិបាននាំគ្នាជួយពន្លត់ តែមិនរលត់នោះទេ រីឯកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចេញអន្តរាគមន៍ភ្លាមៗផងដែរ។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចេញទៅពន្លត់ភ្លើងរហូតរលត់ទៅវិញទាំងស្រុង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២