ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ពីករណីមេរោគកូវីដបំប្លែងថ្មី Omicronនៅក្នុងប្រទេសរបស់ខ្លួន

ហ្សាការតា៖ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បាននិយាយនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែធ្នូនេះថាប្រទេសឥណ្ឌូនេស៊ីបានកំណត់ករណីដំបូងរបស់ខ្លួននៃមេរោគកូវីដបំប្លែងខ្លួនថ្មី Omicronនៅក្នុងប្រទេស។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

មេរោគកូវីដបំប្លែងខ្លួនថ្មីនេះត្រូវបានរកឃើញកាលពីល្ងាចថ្ងៃពុធ ទៅលើបុគ្គលិកនៅមន្ទីរពេទ្យ Wisma Atlet ក្នុងទីក្រុងហ្សាកាតា ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសនោះទេ។

រដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា រហូតមកដល់ពេលនេះមិនមានការឆ្លងពីសហគមន៍ទេ ប៉ុន្តែមានករណី Omicron សង្ស័យចំនួន ៥ បន្ថែមទៀត រួមទាំងជនជាតិឥណ្ឌូនេស៊ី ២ នាក់ ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក និងមកពីចក្រភពអង់គ្លេស និងជនជាតិចិន ៣នាក់ ដែលបច្ចុប្បន្នកំពុងដាក់ឱ្យនៅដាច់ពីគេក្នុងទីក្រុង Manado ភាគខាងជើង Sulawesi ។

គួរបញ្ជាក់ផងដែរថា មេរោគបំប្លែងខ្លួន Omicron ដែល ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង កាលពីខែមុន ឥឡូវនេះត្រូវបានរាយការណ៍ដោយប្រទេសជាង ៧០ហើយ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) ។

WHO បាននិយាយថា ភ័ស្តុតាងបឋមបង្ហាញថា វ៉ាក់សាំង COVID-19 មិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងនោះទេ ដែលនាំឱ្យមានហានិភ័យខ្ពស់នៃការឆ្លងឡើងវិញផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២