មើលមុខក្រុមចោរវាយប្លន់យកម៉ូតូពីជនរងគ្រោះ នៅខណ្ឌពោធិ៍សែនជ័យ នាពេលយប់

ភ្នំពេញ៖កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលជាមុខសញ្ញាវាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅតាមដងផ្លូវ នាពេលរាត្រី និងអ្នកទទួលផលចោរកម្មម្នាក់ទៀត។ ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះធ្វើឡើង នៅចំណុចភូមិអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីប្តីប្រពន្ធពីរនាក់ ម៉ាកsuzuki និច មួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1TZ-9210 បានសម្រេច នៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចបានគេចខ្លួនដោយសុវត្ថិភាព។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះជាប្ដីមានឈ្មោះស៊ាន តុលា អាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធ មានឈ្មោះស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ផងដែរ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២