សាហា.វហួស ! បើកម៉ូតូមិនទាន់បុកគ្នាផង ដកកាំភ្លើងខ្លីបាញ់គ្នាទៅកើត

ភ្នំពេញ ៖ គ្រាន់តែរឿងបើកម៉ូតូអកហ្សឺគ្នាមិនទាន់ប៉ះគ្នាផង ជនដៃដល់ម្នាក់ខឹងដកកាំភ្លើងខ្លីបាញ់បុរសជាប្តីចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩ និង៥០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ កែងផ្លូវ ៣៧១ ចំណុចស្តុបស្ពានដែកចំការដូង ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ357 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ រីឯប្រពន្ធនិងកូន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគឺ គេឃើញបុរសជាជនរងគ្រោះបានបើកម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1IV-5692 បានដឹកប្រពន្ធនិងកូន២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GU-9897 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូង និងបំណងបត់ទៅផ្លូវ៣៧១វិញ ក៏ស្រាប់តែអកហ្សឺគ្នា មិនបានបុកគ្នានោះទេ។

ប្រភពដដែលបានបន្តថា ខណៈនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ ទើបធ្វើឲ្យជនដៃដល់ដកកាំភ្លើងខ្លីបាញ់ទៅលើបុរសម្នាក់ចំនួន៣គ្រាប់ ចំពោះពីរគ្រាប់ និងដៃមួយគ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុដល់ផ្លូវបេតុង ក្នុងបុរីលឹមឈាងហាក់ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទើបទុកម៉ូតូចោលគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ឱ្យរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ហើយសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញបានចុះមកប្រមូលវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុក ដើម្បីស្រាវជ្រាវ តាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសនៅពេលក្រោយ៕

ដោយ ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២