វៀតណាម ផ្ញើលិខិតទៅកាន់ទីក្រុង និងខេត្តទាំង ៦៣ ព្រមានពីហានិភ័យមេរោគបំប្លែងថ្មី Omicron ជាពិសេសឲ្យរឹតបន្តឹងតាមព្រំដែនក្រោយកម្ពុជាប្រកាសរកឃើញករណីដំបូង

ហាណូយ៖ ក្រសួង សុខាភិបាលវៀតណាម នៅថ្ងៃទី ១៧ ខែធ្នូនេះបាន ព្រមាន ថា ហានិភ័យ នៃ ការ ជ្រៀត ចូល និងការរីករាលដាល របស់វីរុសកូវីដបំប្លែងខ្លួន Omicron នៅ ក្នុង ប្រទេស វៀតណាម គឺ ខ្ពស់ ណាស់ និងបានបញ្ជាឲ្យខេត្តតាមបណ្តាព្រំដែនមានការរឹតបន្តឹងជាងមុន ជាពិសេសជាមួយកម្ពុជាក្រោយកម្ពុជាបានប្រកាសរកឃើញករណីដំបូង។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ។

លោកវរសេនីយ៍ឯក Đoàn Văn An ដែលជាស្នងការនយោបាយនៃបញ្ជាការដ្ឋានឆ្មាំព្រំដែនខេត្ត Long An បានប្រាប់កាសែត Tuổi Trẻ ថា ខេត្តកំពុងរឹតបន្តឹងការគ្រប់គ្រងជំងឺរាតត្បាតនៅតាមព្រំដែនប្រវែង ១៣៣ គីឡូម៉ែត្រជាមួយប្រទេសកម្ពុជា។

ក្រៅពីប៉ុស្តិ៍ការពារព្រំដែនចំនួន ១២ ខេត្តមានប៉ុស្តិ៍ត្រួតពិនិត្យជំងឺរាតត្បាតចំនួន ៣៦ ក្រុមល្បាតចល័តចំនួន ៦ ក្រុម ក្រុមការងារចំនួន ៤ និងក្រុមការងារចល័តចំនួន ៣ ។

លោក Tran Dac Phu ទីប្រឹក្សា ជាន់ខ្ពស់ នៃ មជ្ឈមណ្ឌល ប្រតិបត្តិការ សង្គ្រោះ បន្ទាន់ ក្រោម ក្រសួងសុខាភិបាលបាននិយាយថា ទោះបីជាវាមិនទាន់ត្រូវបានបញ្ជាក់ថាតើ Omicron នឹងបណ្តាលឲ្យមានស្ថានភាពធ្ងន់ធ្ងរជាងកូវីដក៏ដោយ ប៉ុន្តែវាត្រូវបានគេនិយាយថា វីរុសនេះគឺអាចឆ្លងលឿនជាង Delta និងប្រភេទមុនៗ ព្រោះវានាំមកនូវការវិវត្តជាច្រើន ។ ដូច្នេះ ត្រូវ ប្រុង ប្រយ័ត្ន ព្រោះ មេរោគដែល ឆ្លង ខ្លាំង និងរហ័ស អាចធ្វើឲ្យ ទម្ងន់ ប្រព័ន្ធ ថែទាំ សុខភាព ជាតិមានបញ្ហា ។

នៅ ក្នុងលិខិតមួយផ្ញើទៅ កាន់ទីក្រុង និងខេត្តទាំង ៦៣ ក្រសួងបាននិយាយថា ស្ថានភាពជំងឺរាតត្បាតនៅ ក្នុងប្រទេសជាច្រើនកាន់តែស្មុគស្មាញ ជាពិសេសជាមួយនឹងការលេចចេញនូវវីរុស Omicron ឬ B.1.1.529 ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូង ។

ស្របពេលជាមួយគ្នានេះ ទីក្រុង និងខេត្តទាំងនោះក៏ត្រូវតែត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងដាក់ឲ្យនៅដាច់ដោយឡែកចំពោះមនុស្សមកដល់ពីកន្លែងដែល Omicron ត្រូវបានរកឃើញ ។

បន្ថែមពីនេះក្រសួងបញ្ជាក់ថា រាល់សំណាកដែលសង្ស័យថាឆ្លងមេរោគប្រភេទថ្មីនេះ ត្រូវតែបញ្ជូនទៅ វិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត និងវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ ដើម្បីស្វែងរកលំដាប់ហ្សែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២