រុស្ស៊ីថា ខ្លួនត្រៀមរួចជាស្រេច ដើម្បីចរចា ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាឡើងកម្តៅនៅតាមព្រំដែនអ៊ុយក្រែន

ម៉ូស្គូ៖ យោងតាម CNA បានឲ្យដឹងថា រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឲ្យអ្នកតំណាងរបស់ខ្លួនត្រៀមរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពី ការធានាសន្តិសុខដែលកំពុងតែមានការកើនឡើងកម្តៅនៅតាមព្រំដែនអ៊ុយក្រែនដែលគួរឲ្យព្រួយបារម្ភ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែល បានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី០៧ ខែធ្នូកន្លងទៅនេះ ក៏អាចនឹងជួបពិភាក្សាគ្នាម្ដងទៀតផងដែរ នៅមុនឆ្នាំថ្មីចូលមកដល់ បើទោះជាភាគីទាំង២ មិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយស្ដីពីវិបត្តិអ៊ុយក្រែនក៏ដោយ។

លោក Peskov ក៏បានបញ្ជាក់ផងដែរថា អ្នកដែលជាអ្នកតំណាងរបស់រុស្ស៊ីនោះជា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នឹងត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានចោទប្រកាន់ថារុស្ស៊ីបានដាក់ពង្រាយកងទ័ពប្រមាណ ១០ ០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដែល នេះទំនងជាការត្រៀមលក្ខណៈបើកការវាយប្រហារ។ ប៉ុន្តែ រុស្ស៊ី បានទាត់ចោលការចោទប្រកាន់នេះ ហើយអះអាងថាខ្លួនទៅវិញទេដែលកំពុងរង ការគំរាមកំហែងពីអង្គការ NATO និងអ៊ុយក្រែនដែលចង់ចូលជាសមាជិកបក្សសម្ព័ន្ធយោធាអាត្លង់ទិចមួយនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២