ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ទឹកពន្លត់។គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ នៅចំណុចក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត ផ្ទះលេខ ២៥អា សិ្ថនៅតាមបណ្តោយផ្លូវលេខ៥៦៦ នៅភូមិ១១ ក្រុម៤៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្នែកខាងក្នុងឃ្លាំងរបស់ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត ដោយសង្ស័យថា ឆ្លងចរន្តអគ្គិសនី ភ្លាមនោះក៏កើតមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ ហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកអន្តរាគមន៍ ដោយមើលឃើញថា ស្ថានការមិនអាចគ្រប់គ្រងបាន ទើបសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅខាងកម្លាំងការិយាល័យនគរបាលបង្ការ និងពន្លត់គ្រោះអគ្គិភ័យឱ្យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់៣២ឡាន ស្មើរនឹង១៣៨ម៉ែត្រគូប ដោយប្រើរយៈពេល៣០នាទី ដើម្បីបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ។
សមត្ថកិច្ចបានឲ្យដឹងជាជំហ៊ានដំបូងដែរថា ចំពោះមូលហេតុ នៃការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនីឆេះប្រភេទសំណង់ថ្មបេតុងប្រក់ស័ង្កសីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ខូចខាតសម្ភារៈឆេះឃ្លាំងស្តុកទុកសម្ភារៈបម្រើការងារថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ គុណ ៣០ម៉ែត្រ អស់ចំនួន០១ឃ្លាំង និងពុំបណ្តាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ តែទោះជាយ៉ាងណា ករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ៕
ដោយ:វិសាល


