ចិនថា តៃវ៉ាន់មុន និងក្រោយគង់តែវិលត្រឡប់មករួមរស់ក្រោមដំបូលផ្ទះចាស់របស់ខ្លួនវិញ

ប៉េកាំង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃច័ន្ទនេះ បាននិយាយថា កោះតៃវ៉ាន់ គឺប្រៀបដូចជាជនរសាត់អណ្តែតម្នាក់ ដែលនៅទីបញ្ចប់គង់តែវិលត្រឡប់មករកផ្ទះរបស់ខ្លួនវិញ។

លោក វ៉ាង បានលើកឡើងថា ដើមចមនៃភាពតានតឹងបច្ចុប្បន្ន គឺដោយសារតែរដ្ឋាភិបាលកោះតៃវ៉ាន់ ពឹងផ្អែកទៅលើសហរដ្ឋអាមេរិក ដើម្បីប៉ុនប៉ង់ស្វែងរកឯករាជ្យភាព។ ហើយអាមេរិក រួមនឹងប្រទេសដទៃទៀត ព្យាយាមប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រងចិន។

លោក វ៉ាង យី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ព្រោះតែសកម្មភាពមិនត្រឹមត្រូវទាំងនេះ ទើបធ្វើឲ្យស្ថានភាពដើមត្រូវបានផ្លាស់ប្តូរ ហើយប៉ះពាល់ដល់សុខសន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលវាបំពានលើគោលការណ៍កុងសង់ស៊ីសនៃសហគមន៍អន្តរជាតិ ក៏ដូចជាបទដ្ឋានទូទៅនៃទំនាក់ទំនងអន្តរជាតិ។

រីឯរដ្ឋាភិបាលតៃវ៉ាន់វិញ បានរិះគន់ ចំពោះការដាក់សម្ពាធរបស់ចិន ដោយនិយាយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ទើបជាអ្នកមានសិទ្ធិសម្រេចអំពីអនាគតរបស់ពួកគេ ហើយពួកគេនឹងមិនចុះញ៉មដាក់ចិនជាដាច់ខាត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២