រដ្ឋាភិបាលម៉ាឡេស៊ីថា គ្រោះទឹកជំនន់ដ៏អាក្រក់នេះ មិនធ្លាប់មានឡើយ ក្នុងរយៈពេល ១០០ឆ្នាំមកនេះ

គូឡាឡាំពួ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Rueters បានឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីនៅថ្ងៃច័ន្ទនេះបានចាត់ទុកថា គ្រោះទឹកជំនន់ដ៏អាក្រក់ ដែលកំពុងកើតមានក្នុងប្រទេសនាពេលនេះគឺមិនធ្លាប់មានឡើយក្នុងរយៈពេល ១០០ឆ្នាំមកនេះ ដែលទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក ទៅលើឧបទ្វីបម៉ាឡេស៊ីកាលពីចុងសប្តាហ៍មុននេះ គឺជាភស្តុតាងបន្ថែមទៀត ដែលបង្ហាញយ៉ាងច្បាស់អំពីផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ បង្កឡើងដោយការប្រែប្រួលបរិយាកាសផែនដី ។

បើតាមក្រសួងធនធានទឹក និងបរិស្ថាននៃប្រទេសម៉ាឡេស៊ី បានអះអាងនៅដើមសប្តាហ៍នេះថា ប្រព័ន្ធសម្ពាធទាបបានបង្កឲ្យមានភ្លៀងធ្លាក់ នៅបណ្តារដ្ឋក្នុងឧបទ្វីបម៉ាឡេស៊ីរយៈពេល ២៤ម៉ោងឯណោះ ហើយកម្រិតទឹកភ្លៀង ដែលបានធ្លាក់មកនោះ គឺស្មើនឹងចំនួនទឹកភ្លៀងដែលធ្លាក់ក្នុងរយៈពេល ១ខែ។ ខេត្តមួយចំនួនរបស់ប្រទេសថៃ ដែលជាប់នឹងព្រំដែនម៉ាឡេស៊ី ក៏បានកើតមានគ្រោះទឹកជំនន់ផងដែរ។

កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋមួយចំនួនរបស់ម៉ាឡេស៊ីដូចជា Selangor,Negeri Sembilan, Kelantan ,Pahang, Melaka និងTerengganu បានទទួលរងភ្លៀងយ៉ាងដំណំ ដែលបានបង្កទៅជាគ្រោះទឹកជំនន់។

ក្រសួងដដែលបានសង្កត់ធ្ងន់ទៀតថា កម្រិតទឹកភ្លៀងសម្រាប់រដ្ឋធានីគូឡាឡាំពួគឺ ២,៤០០មីលីម៉ែត្រក្នុងមួយឆ្នាំ ដូច្នេះវាមានន័យថា ភ្លៀងធ្លាក់កាលពីចុងសប្តាហ៍មុននេះ គឺស្មើនឹងកម្រិតទឹកភ្លៀងក្នុងរយៈពេល ១ខែ វាហួសពីការរំពឹងទុក ហើយវាតែងតែកើតមានឡើងម្តង ក្នុងអំឡុងពេលរាប់រយឆ្នាំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២