ស៊ុយអែតផលិតបន្ទះឈីបទំហំប៉ុនគ្រាប់ស្រូវបង្កប់ក្រោមស្បែកអាចផ្ទុកទិន្នន័យបាន រួមទាំងបណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ផងដែរ

ស្តុកខុម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន WION ជាក្រុមហ៊ុនរបស់ស៊ុយអែតមួយ មានឈ្មោះថា Epicenter បានបង្កើតមីក្រូឈីបមាន ‘ទំហំប៉ុនគ្រាប់ស្រូវ’ ដែលអាចដាក់នៅក្រោមស្បែកដែលអាចប្រើប្រាស់ជំនួសឱ្យបណ្ណចាក់វ៉ាក់សាំងបង្ការ ឬលិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 រួមជាមួយនឹងទិន្នន័យលិខិតឆ្លងដែន ហើយក៏អាចប្រើសម្រាប់ការទូទាត់ដោយមិនប៉ះផងដែរ។

ការបង្កប់បន្ទះឈីបនៅក្រោមស្បែក គឺជារឿងដ៏កម្រមួយ ប៉ុន្តែបច្ចុប្បន្នមានប្រជាជនស៊ុយអែតកាន់តែច្រើនឡើង សម្រេចចិត្តជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាមួយនេះ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីចៀសវាងការភ្លេចភ្លាំងយកតាមខ្លួន ឬជំនួសឱ្យបណ្ណអាជីវកម្ម, បណ្ណសេវាដឹកជញ្ជូន និងថ្មីចុងក្រោយនោះគឺបណ្ណចាក់វ៉ាក់សាំង បង្ការ COVID-19 តែម្ដង។

គួរបញ្ជាក់ផងដែរថា នៅដើមខែធ្នូ ប្រទេសស៊ុយអែតបានអនុម័តច្បាប់ថ្មីដែលតម្រូវឱ្យបុគ្គលម្នាក់ៗមានបណ្ណចាក់វ៉ាក់សាំង នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ដែលមានមនុស្សលើសពី ១០០ នាក់។ បន្ទាប់ពីការប្រកាសនោះ ចំនួនអ្នកដែលបានបញ្ចូលមីក្រូឈីបនៅក្រោមស្បែករបស់ពួកគេបានកើនឡើង។ រហូតមកដល់ពេលនេះ មនុស្សប្រហែល ៦ ០០០ នាក់នៅក្នុងប្រទេសស៊ុយអែតបានបញ្ចូលបន្ទះឈីបនៅក្នុងដៃរបស់ពួកគេ។

តែទោះជាយ៉ាងនេះក្ដី នៅតែមានការព្រួយបារម្ភជាច្រើនពីការបាត់បង់ទិន្នន័យផ្ទាល់ខ្លួន ឬការតាមដានណាមួយលើអ្នកប្រើប្រាស់ បើទោះជាខាងក្រុមហ៊ុនធានាថា ការពារ ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ក៏ដោយ៕
ដោយ៖រិទ្ធិសិទ្ធ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២