រុស្ស៊ី និង អ៊ុយក្រែន ព្រមព្រៀងបទឈប់បាញ់ ខណៈ ក្រុង ម៉ូស្គូ ត្រៀមខ្លួន សម្រាប់កិច្ចចរចា ជាមួយអាមេរិក នៅដើមឆ្នាំ២០២២

ម៉ូស្គូ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមលើបទឈប់បាញ់មួយ ដោយស្ដារលក្ខខណ្ឌដែលបានដាក់នៅឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះត្រូវបានសម្របសម្រួលដោយអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) ប៉ុន្តែក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា ខ្លួននៅតែធ្វើសមយុទ្ធយោធានៅក្នុងតំបន់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

ទន្ទឹមនឹងនោះ អ្នកនយោបាយជាន់ខ្ពស់អ៊ុយក្រែន ក៏បានសរសើរកិច្ចព្រមព្រៀងនេះផងងដែរ ហើយបានពណ៌នាថា វាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើងនៅភាគខាងកើតអ៊ុយក្រែន ។

លោក Mikko Kinnunen ដែលជាប្រធាន OSCE បានចេញសេចក្តីថ្លែងការណ៍មួយដែលសរសេរថា “ខ្ញុំរីករាយដែលគ្រប់ភាគីបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវវិធានការដើម្បីពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ដែលបានចរចារគ្នានោះ។

កន្លងមកអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីការបញ្ជូនទាហាន ១០០,០០០ នាក់ទៅកាន់ព្រំដែននៅក្នុងអ្វីដែលខ្លួនបានព្រមានថាអាចជាការចាប់ផ្តើមនៃ “ការឈ្លានពានរដូវរងា” ។ ប៉ុន្តែមន្ត្រីរុស្ស៊ីបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ បើទោះបីជានៅតែបន្តធ្វើសមយុទ្ធនៅក្នុងតំបន់ក៏ដោយ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ជាច្រើនត្រូវបានប្រកាស ប៉ុន្តែនៅទីបំផុតបានដួលរលំ ។ កិច្ចព្រមព្រៀងក្នុងខែកក្កដាឆ្នាំ ២០២០ បាននាំមកនូវការពន្យាពេលខ្លះ ប៉ុន្តែការប៉ះទង្គិចគ្នានៅតែបន្ត ខណៈដែលចំនួនអ្នកស្លាប់សរុបសម្រាប់ជម្លោះបានកើនឡើងដល់ ១៣,០០០ នាក់ហើយ ៕
ដោយ៖រិទ្ធិសិទ្ធ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២